(ភ្នំពេញ)៖ ជាយុវជនម្នាក់ ដែលកន្លងមកតែងតែជឿស្លុងលើ លោក សម រង្ស៉ី តែឥឡូវនេះ ខ្ញុំពិតជាគួរឲ្យ អស់សំណើចណាស់ នៅពេលខ្ញុំបានឃើញ លោក សម រង្ស៉ី កំពុងធ្វើនយោបាយបែបល្ងង់ខ្លៅ។ ចាស់បុរាណបានទូម្មានថា «ពេលលឺផ្គរលាន់ កុំទាន់ចាក់ទឹកពាងចោល»។ តើអ្នកណាខ្លះធ្លាប់ឃើញមនុស្សដែលវាយបំបែកពាងហើយបែរជាខំប្រឹងទប់ទឹក កុំឲ្យហូរចេញពីពាង? មនុស្សរបៀបនេះ គេធ្លាប់លឺតែក្នុងរឿងព្រេងនិទាន ដែលអ្នកនិពន្ធសរសេរដើម្បីបន្តុះបង្អាប់ នូវភាពល្ងង់ខ្លៅរបស់មនុស្សមួយចំនួនតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ គេពិតជាបានឃើញដោយជាក់ស្តែងនឹងភ្នែកតែម្តង គឺលោក សម រង្ស៉ី នេះឯង។
ដោយមិនចាំបាច់ពិពណ៌នាអំពីកំហុសរាប់មិនអស់ពីអតីតកាលហើយដែលខ្ញុំសុខចិត្តក្បត់មនសិការខ្លួនឯងដោយជួយនិយាយ ការពារគាត់រហូតមកហើយខំបកស្រាយប្រាប់មិត្តភ័ក្តិថា អ្វីៗដែលកើតមានចំពោះគាត់គឺជារឿងនយោបាយដែលគេចង់ធ្វើបាបគាត់នោះ ឥឡូវនេះ ខ្ញុំគ្រាន់តែ សង្កេតមើលនិងវិភាគ ចាប់ពីពេលដែលគាត់ធ្វើសកម្មភាពក្នុងការបង្កើតចលនា សង្គ្រោះជាតិក្រោយពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលនោះ ខ្ញុំបានមើលឃើញ យ៉ាងច្បាស់ក្រឡែតបាត់ទៅ ហើយនូវភាពឆោតល្ងង់របស់លោកសម រង្ស៉ី ដែលធ្វើនយោបាយបំបែកបំបាក់ផ្ទៃក្នុងរបស់ខ្លួន ហើយបែរមកធ្វើខ្លួនជាខំស្រែកឆោឡោ ខំទប់កុំឲ្យបែកបាក់ទៅវិញ។
នរណាក៏ដឹងដែរថា ការបង្កើតចលនាសង្គ្រោះជាតិ គឺជាការធ្វើឲ្យមន្ត្រី និងអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិបែកបាក់គ្នាយ៉ាងខ្លាំងរួចទៅហើយ។ ក្រោយពេលដែលចលនាគ្មានគោលដៅមួយនេះទទួលបរាជ័យទាំងស្រុង លោកសម រង្ស៉ី ក៏បែរមករៀបចំធ្វើបក្សប្រហារ ដណ្តើមអំណាចត្រង់ៗ ពីលោក កឹម សុខា តែម្តងតាមរយៈព្រឹត្តិការណ៍ ដែលក្រុមគាត់ហៅថា «សន្និសីទពិពភលោក ១-២ ធ្នូ ឆ្នាំ ២០១៨ នៅទីក្រុងអាត្លង់តា» សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នេះគឺពិតជាបានហែកបក្សប្រឆាំងយើងជា2ចំរៀក ព្រោះអ្នកជិតស្និទ្ធនឹងលោកកឹម សុខា បានចាត់ទុកថាជាបក្សប្រហារ ហើយយុទ្ធសាស្ត្ររបស់លោកសម រង្ស៉ីមួយនេះប្រៀបបាននឹងដាវដ៏មុតស្រួចដែលគាត់
បានយកទៅពុះជ្រៀក សាកសពរបស់អតីបក្សសង្គ្រោះជាតិជា2បំណែក ហើយថែមទាំងបានចាក់ថ្នាំពុលដើម្បីផ្តាច់ព្រលឹង សាកសពចោលតែម្តងដោយគ្មានស្តាយស្រណោះ។
អ្វីដែលធ្ងន់ធ្ងរបំផុតដែលខ្ញុំបានកំណត់ យ៉ាងច្បាស់ថា ជាអំពើឆោតល្ងង់របស់គាត់នោះគឺ ក្រោយពេលបំបែកសពបក្សសង្គ្រោះជាតិជា២ហើយនោះ លោក សម រង្ស៉ី បែរជាមកស្រវេស្រវាខំទប់ចលនាផ្ទៃក្នុងកុំឲ្យបែកបាក់ ទៅវិញ? ដើម្បីទប់សភាពការណ៍ លោកសម រង្ស៉ី ប្រើពាក្យថា «សម រង្ស៉ី និង កឹម សុខា ជាមនុស្សតែមួយ»។
ចំពោះគោលដៅពិតនៃពាក្យនេះឥឡូវនេះវាលែងជាអាថកំបាំងទៀតហើយព្រោះវាពិតជាងាយយល់ខ្លាំងណាស់! គាត់ជាអ្នកដណ្តើម អំណាចពីលោក កឹម សុខា ដែលធ្វើឲ្យមានការបែកបាក់ ពោលគឺគាត់នេះហើយ ជាអ្នកបំបែក កឹម សុខា ចេញពីគាត់ តែគាត់បែរជាមកស្រែកថា សម រង្ស៉ី និង កឹម សុខា ជាមនុស្ស តែមួយ? តើវាគួរឲ្យអស់សំណើចទេ?ម្យ៉ាងទៀត ពេលនេះ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលនឹងបើកផ្លូវឲ្យលោកហ៊ុន សែន មាន សិទ្ធិស្នើទៅព្រះមហាក្សត្រដើម្បីសុំព្រះរាជទានលើកលែងទោសដល់អ្នកនយោបាយដែលជាប់បម្រាមតុលាការ ត្រូវបានរដ្ឋសភាអនុមត័ រួចហើយ។ ខណៈដែលវិសោធនកម្មច្បាប់ថ្មីនេះត្រូវគេមើលឃើញថាជាសញ្ញាវិជ្ជមានសម្រាប់បើកផ្លូវឲ្យអ្នកនយោបាយដែលជាប់បម្រាមអាចមានសិទ្ធិធ្វើនយោបាយឡើងវិញនោះ ខ្ញុំពិតជាហួសចិត្តដោយបានឃើញលោក សម រង្ស៉ី បែរជាកំពុងស្លន់ស្លោស្រែកឆោឡោប្រឹងទប់កុំឲ្យអ្នកនយោបាយទាំង នោះទទួលបាននូវការលើកលែងទោសទៅវិញ?
ដើម្បីទប់បញ្ហានេះ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំឃើញគាត់បានប្រើល្បិចដ៏ចាស់គំរឹលដដែលៗ ដែលគាត់ធ្លាប់ប្រើជាយូរមកហើយ នោះគឺ នយោបាយលាបពណ៌ថា បើអ្នកណាហ៊ានទទួលយកការលើកលែងទោសនេះ គឺជាមនុស្សក្បត់បក្ស និងជាអ្នកលក់ក្បាលឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ខ្ញុំកត់សំគាល់ថា នេះគឺពិតជាចរិតហ្ស៊ីន របស់ លោក សម រង្ស៉ី ដែលមិនកែប្រែសោះសូម្បីតែបន្តិចតាំងពីខ្ញុំធ្វើជាសក្មមជន របស់គណបក្សសម ង្ស៊ី មកម្ល៉េះ។ ជំនាញរបស់គាត់គឺញុះញង់ អុជអាល និងលាបពណ៌។ ប៉ុន្តែ សួរថា ហេតុអ្វីបានជា សម រង្ស៉ី ធ្វើបែបនេះ? មូលហេតុសំខាន់បំផុតដែលខ្ញុំទាញការសន្និដ្ឋានគឺ អ្នកនយោបាយអាត្មានិយមរូបនេះដឹងច្បាស់ថា ខ្លួនគាត់គ្មានវាសនានឹងទទួលបានការលើកលែងព្រះរាជទានទោសពីព្រះមហាក្សត្រដូច អ្នកដទៃឡើយ។ ដូច្នេះបើគាត់មិនបាន អ្នកផ្សេងក៏មិនត្រូវបាន ដូចគ្នា។ នេះក៏ជាចរិតផ្តាច់ការអញនិយមមួយទៀត របស់ សម រង្ស៉ី ដែលគ្មានអ្វីចម្លែកសំរាប់ខ្ញុំឡើយ។