(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានចាត់ទុកថា ចំណាត់ការរបស់ លោក សម រង្ស៉ី ដែលហាមមិនឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញ គឺជាអំពើឃោរឃៅ និងផ្តាច់ការ។
ប្រតិកម្មរបស់ លោក គង់ គាំ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ បានព្រមានដល់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ មិនឱ្យទទួលយកការដកបម្រាមសិទ្ធិនយោបាយឡើងវិញឡើយ ហើយប្រកាសថា បើសិនជាមាននរណាម្នាក់ ទទួលយកការដកបម្រាមនេះ អ្នកនោះគឺជាជនក្បត់បក្សតែម្តង។
លោក គង់ គាំ បានបង្ហោះនៅលើ Facebook របស់លោក យ៉ាងដូច្នេះថា៖ «អនុវត្តច្បាប់គណបក្សនយោបាយ លោក សម រង្សុី បានលាចេញពី CNRP (ទាំងតួនាទីប្រធាន ទាំងសមាជិកភាព)។ CNRP ដែលឈប់ប្រើរូបសញ្ញា (សម រង្សុី-កឹម សុខា ចាប់ដៃគ្នា) ក៏ទទួលស្គាល់ថារូបទណ្ឌិតមិនអាចប្រើបាន។ ដូចនេះ តួនាទីប្រធានចលនាសង្គ្រោះជាតិ និងប្រធានស្តីទី CNRP របស់លោក សម រង្សុី (សាមីខ្លួនទទួលស្គាល់ថា ប្រធានចលនាមិនអាចប្រើជាមួយអន្តរជាតិបាន ហើយតួនាទីប្រធានស្តីទីដែលផ្ទៃក្នុងមិនទទួលយក ដូចនេះអន្តរជាតិកាន់តែមិនអាចទុកជាផ្លូវការ និងស្របច្បាប់បានទៀត)»។
លោកបានបន្តថា «ភាពឯកជនឯកោរបស់ សម រង្សុី កាន់តែប្រឹងភ្ជាប់ជាមួយ CNRP កាន់តែបង្ហាញនូវចេតនាបំផ្លាញគេឯងដែលមិនរួមគំនិតជាមួយខ្លួន។ មួយចំនួននៃ ១១៨ ដែលជាប់បម្រាមថា៖ ការអំពាវនាវរបស់លោក សម រង្សុី គឺឃោឃៅ និងផ្តាច់ការ»។
លោកបានបន្តទៀតថា លោក សម រង្សុី ដែលធ្លាប់ទទួលការលើកលែងទោសពីព្រះមហាក្សត្រ ស្របតាមសំណើនាយករដ្ឋមន្ត្រី មិនដែលទទួលថា ខ្លួនក្បត់នឹងអ្នកបាត់បង់ជីវិតពីការគប់គ្រាប់បែកបួនគ្រាប់នៅជិតអតីតរដ្ឋសភា តាមរយៈការទម្លាក់ចោលបណ្តឹងទេ និងក្បត់អ្នកប្រជាធិបតេយ្យ និងប្រជាពលរដ្ឋ ដោយព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពីសំឡេងពីរភាគបីមកត្រឹមហាសិបបូកមួយនោះឡើយ៕