(កោះកុង)៖ លោក ជា នី អនុ ប្រធានសាខាកាំកុងខេត្តកោះកុង បាននាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីពាណិជ្ជកម្ម មន្ត្រីសាលាក្រុងខេមរភូមិន្ទ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ចុះត្រួតពិនិត្យ និងធ្វើតេស្តទៅលើកម្ហូបអាហារ សាច់ បង្គា មឹក និងគ្រឿងភេសជ្ជៈ ដែលអាជីវករដាក់តាំងលក់ ក្នុងស្តង់សម្រាប់អបអរសាទរ ក្នុងពិធីបុណ្យសមុទ្រ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ដើម្បីធ្វើតេស្តស្វែងរកសារធាតុគីមី មុនថ្ងៃបុណ្យសមុទ្រ ព្រមទាំងផ្សព្វផ្សាយបន្តអំពីទំនិញណាហួសការបរិច្ឆេទ ថ្ងៃខែឆ្នាំផលិតមិនយកមកដាក់តាំងលក់ឡើយ។
ការចុះពិនិត្យធ្វើតេស្តស្វែងរកសារធាតុគីមី, លោក ជា នី បានឲ្យដឹងថា ការចុះពិនិត្យធ្វើតេស្តនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញ ពីអគ្គនាយដ្ឋានកាំកុងត្រូល និងផ្អែកទៅលើច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាពផលិតផលទំនិញ និងសេវាកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្ត ត្រួតពិនិត្យលក្ខណៈទូទៅ ខាងក្រៅរបស់ម្ហូបអាហារ ទៅលើស្លាកសញ្ញាសំបកវេចខ្ចប់ ការបរិច្ឆេទ កំប៉ុងកំពិតប៉ោងរលួយ។ល។ និងត្រួតពិនិត្យគុណភាពភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមីដែលហាមឃាត់ ដូចជា ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគបន្ត នៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល និងធ្វើការដកហូតយកមករក្សាទុកនៅសាខា។
លោក ជា នី បានបន្តថា ជាលទ្ធផល សាខាកាំកុងត្រូល និងមន្ត្រីជំនាញការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ បង្គា ត្រីសាច់ និងភេសជ្ជៈតាមស្តង់ ឬតាមតូបក្នុងពិធីបុណ្យសមុទ្រ ដែលអាជីវករដាក់តាំងលក់ ការពិសោធន៍សាខាកាំកុងត្រូល មិនបានរកឃើញមុខម្ហូបត្រីសាច់បង្គារ គ្រឿងភេសជ្ជៈណាមួយ ហួសថ្ងៃខែឆ្នាំផលិតនោះទេ ដោយមន្ត្រីជំនាញធ្វើការត្រួតពិនិត្យ ធ្វើតេស្តរាល់មុខម្ហូបប្រកប ដោយភាពទទួលខុសត្រូវខ្ពស់ ហើយអាជីវករមានការយល់ដឹងកាន់ខ្ពស់ ចំពោះបញ្ហានេះផងដែរ។ ការចុះត្រួតធ្វើតេស្ត មន្រ្តីជំនាញមិនបានរកឃើញមុខម្ហូបត្រីសាច់បង្គា គ្រឿងភេសជ្ជៈ មានផ្ទុកសាធាតុគីមីនោះឡើយ។
ជាចុងក្រោយ លោក ជា នី បានអំពាវនាវ ដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់វិចខ្ចប់ត្រឹមត្រូវ មានការបរិច្ឆេទដើម្បីចូលរួមចំណែកការពារ ផលប្រយោជន៍អ្នកប្រើប្រាស់ទាំងសុខមាលភាព និងសេដ្ឋកិច្ចហើយការចុះណែនាំដល់អាជីវករ នៅតាមស្តង់លក់ មន្រ្តីបានធ្វើការពន្យល់ពីលក្ខណៈពិសេស មុននឹងទិញយកទៅលកដូរ៕