(កំពង់ធំ-សៀមរាប)៖ នគរបាលខេត្តកំពង់ធំ សហការជាមួយនគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាទាំង២ខេត្ត បានតាមចាប់ខ្លួនជនសង្ស័យម្នាក់ ជាមន្រ្ដីនគរបាល នៅខេត្តសៀមរាប ពាក់ព័ន្ធការរកស៊ីជួញដូរគ្រឿងញៀន។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា មន្រ្តីនគរបាលរូបនេះ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ នៅខេត្តសៀមរាប ហើយជនសង្ស័យរូបនេះ ជាមន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
បើតាមលោក អ៊ិត សុធា, ដើមចមនាំឲ្យតាមចាប់ខ្លួនមន្រ្តីនគរបាលរូបនេះ បានកើតឡើង ក្រោយពីកម្លាំងនគរបាលខេត្តកំពង់ធំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន នៅស្រុកកំពង់ស្វាយ។
ក្រោយបញ្ចប់ការសួរនាំ ជនសង្ស័យសារភាពថា ខ្លួនបានទិញថ្នាំញៀនពីនគរបាលម្នាក់ ពាក់ស័ក្តិ៣ (មានសេចក្តីប្រកាសតម្លើងស័ក្តិ៤) ធ្វើការនៅផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានគរបាល ខេត្តសៀមរាប។ ក្រោយពីមានចម្លើយបែបនេះ លោក អ៊ិត សុធា បានបញ្ជាឲ្យសមត្ថកិច្ច នៃស្នងការដ្ឋាននគបាលខេត្តកំពង់ធំ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្រប សម្រួលពីព្រះរាជអាជ្ញាខេត្តសៀមរាប បានចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង។
លោក អ៊ិត សុធា បានដកស្រង់សំដីរបស់ជនសង្ស័យ ដែលចាប់ខ្លួននៅស្រុកកំពង់ស្វាយ ដែលបានទិញថ្នាំញៀនពីមន្រ្តីនគរបាលរូបនោះថា រូប (នគរបាល) បាននិយាយថា «ទិញរបស់អញ ទៅគ្មាននរណាហ៊ានចាប់នោះទេ អញចែកចាយនៅសៀមរាបនេះ គ្មាននរណាហ៊ានចាប់អញផង»។
ក្រោយការចាប់ខ្លួនជនសង្ស័យ កម្លាំងនគរបាលបានដកហូតថ្នាំញៀនចំនួន២៦កព្ចាប់ និងទូស័ព្ទដៃ២គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីបញ្ជូនទៅកាន់តុលាការនៅថ្ងៃស្អែក ចាត់ការបន្តទៀត៕