(ឡាវ )៖ តំណាងអាជ្ញាធរជាតិអាវុធគីមីកម្ពុជាចំនួន២រូប គឺឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង និង ឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម នៃក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានចូលរួមសិក្ខាសាលា ស្តីពីសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីអំពីសារធាតុគីមីវិទ្យុសកម្មជីវសាស្រ្ត និងនុយក្លេអ៊ែរ (CBRN)។
សិក្ខាសាលានេះ រៀបចំឡើងនៅសណ្ឋាគារ landmark plaza នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយមានការចូលរួមពីតំណាងសហគមន៍អឺរ៉ុបនៅប្រទេសឡាវ ប្រធានតំបន់នៅឡាវ និងតំណាង UNICRI ប្រចាំតំបន់អាសុី និង តំណាងជនបង្គោលពីបណ្តាប្រទេសជាង១០ ផ្សេងៗទៀត។
ក្នុងសិក្ខាសាលានេះ សម្រាប់ប្រទេសកម្ពុជា ក៏បានបញ្ជូនតំណាងជនបង្គោលមានសមត្ថភាព និងចំណេះដឹងច្រើនទាក់ទងនឹង CBRN ២រូប គឺ ឧត្តមសេនីយ៍ឯក កេដា និង ឧត្តមសេនីយន៍ ឯក ឈុំ ចរិយា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្មនៃក្រសួងការពារជាតិ។
សិក្ខាសាលានេះ មានគោលដៅចែករំលែកចំណេះដឹង ជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាសុីអាគ្នេយ៍ និងវិធីសាស្រ្តនៃការគ្រប់គ្រងហានិភ័យ ការការពារទប់ស្កាត់បញ្ហាដែលអាចកើតមានឡើង ការស្វែងរកដំណោះស្រាយពេលដែលមានជាយថាហេតុ។
គូសបញ្ជាក់ផងដែរថា កម្ពុជាជាប្រទេសទី១ ដែលបានធ្វើសៀវភៅផែនការសកម្មភាពនេះ មុនគេបង្អស់ ក្នុងចំណោមប្រទេសទាំង១០។ សៀវភៅនេះគឺត្រៀមសម្រាប់អនុវត្ត ការពារទប់ស្កាត់ហានិភ័យ CBRN នាពេលអនាគត៕