(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (ក.ម.ក.ស.ទ.) លើកទី៨ នាសម័យប្រជុំថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨, ក.ម.ក.ស.ទ. បានរៀបចំសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការងាររបស់មូលនិធិកាតព្វកិច្ចសេវាសកល-ទូរគមនាគមន៍ (មូលនិធិ ក.ស.ទ.) សម្រាប់ការអនុវត្តគម្រោងឆ្នាំ២០១៧ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពលោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ និងជាអនុប្រធានទី១ នៃ ក.ម.ក.ស.ទ. តំណាងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីនិងជាប្រធាននៃ ក.ម.ក.ស.ទ. និងអមដោយ លោក តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធាននៃលេខាធិការដ្ឋាននៃ ក.ម.ក.ស.ទ. និងលោកបណ្ឌិត ជាង សុភ័ក្រ អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធាលេខាធិការដ្ឋាននៃ ក.ម.ក.ស.ទ.
បណ្ឌិត កាន ច័ន្ទមេត្តា បានថ្លែងថា ជាលទ្ធផលនៃការអនុវត្តច្បាប់ ស្តីពីទូរគមនាគមន៍ដែលបានបង្កើតមូលនិធិ ក.ស.ទ. និងការបង្កើតក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកល-ទូរគមនាគមន៍ ដោយអនុក្រឹត្យលេខ១១១ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការកំណត់យន្តការសម្រាប់អនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ ក្នុងឆ្នាំ២០១៧ មានប្រតិបត្តិករទូរគមនាគមន៍ចំនួន ៨៧% (២៧/៣១ ក្រុមហ៊ុន) បានចូលរួមអនុវត្តកាតព្វកិច្ចបង់វិភាគទានចូលមូលនិធិ ក.ស.ទ. និងប្រមូលបានមូលនិធិសរុប៧០% ស្មើនឹងទឹកប្រាក់ប្រមាណ៩លានដុល្លារអាមេរិក។
លោកបណ្ឌិត បានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៧ នេះ ក.ម.ក.ស.ទ. បានអនុម័តគម្រោងពង្រីកវិសាលភាពគ្របដណ្តប់ សេវាទូរស័ព្ទចល័តជំនាន់ទី៣/៤ (3G/4G)សរុបចំនួន១៣១ស្ថានីយ ដោយអនុញ្ញាតឱ្យធ្វើការសាងសង់ស្ថានីយថ្មីចំនួន៤១ ស្ថានីយ និងការធ្វើ Upgrade និង Reconfiguration ទៅលើស្ថានីយ៍ដែលមានស្រាប់ចំនួន៩០ស្ថានីយ។
១. វឌ្ឍនភាពចុងក្រោយចំពោះគម្រោងសាងសង់ថ្មី៖
* គម្រោង/ស្ថានីយបានសាងសង់រួចរាល់មានចំនួន ៧ ស្ថានីយ នាខែវិច្ឆិកា ឆ្នាំ២០១៨
* គម្រោង/ស្ថានីយដែលបាននិងកំពុងសាងសង់ មានចំនួន ១៩ ស្ថានីយ និងត្រូវបញ្ចប់រួចរាល់នៅយ៉ាងយូរត្រឹមខែកុម្ភៈ ឆ្នាំ២០១៩ និង
* គម្រោង/ស្ថានីយដែលយឺតយ៉ាងក្នុងការសាងសង់ដោយសារទឹកជំនន់និងកំពុងដោះស្រាយទីតាំងសាងសង់ មាន
ចំនួន១៥ ស្ថានីយ ដែលរំពឹងថានឹងត្រូវបានដោះស្រាយរួចរាល់ឆាប់ៗ និងកាលបរិច្ឆេទគម្រោងបញ្ចប់រួចរាល់យ៉ាងយូរត្រឹមខែមេសា ឆ្នាំ២០១៩។
២. វឌ្ឍនភាពចុងក្រោយចំពោះគម្រោងធ្វើការ Upgrade និង Reconfiguration ទៅលើស្ថានីយដែលមានស្រាប់៖
* ចំនួន៨៣ ស្ថានីយ ត្រូវបានចប់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០១៨ និង
* ចំនួន៧ ស្ថានីយ ត្រូវរំពឹងថានឹងត្រូវបញ្ចប់ត្រឹមខែមករា ឆ្នាំ២០១៩។
លោក កាន ច័ន្ទមេត្តា បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ប្រតិបត្តិការទូរគមនាគមន៍ទាំងអស់ ដែលបានចូលរួមបង់វិភាគទាន និងសហការក្នុងការអនុវត្តសកម្មភាពការងាររបស់មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ និងសូមលើកទឹកចិត្ត និងសង្ឃឹមយ៉ាងមុតមាំថាប្រតិបត្តិករទូរគមនាគមន៍មួយចំនួនតូច ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់វិភាគទានមូលនិធិ ក.ស.ទ. ឆ្នាំ២០១៧ រួសរាន់បង់វិភាគទានមុននឹងក្រុមប្រឹក្សាមូលនិធិ ក.ស.ទ. ចាត់វិធានការបន្ទាប់៕