(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសតែងតាំងជាផ្លូវការ លោក កង អាណាន់ ជាអភិបាលក្រុងដូនកែវថ្មី យោងទៅតាម អនុក្រឹត្យលេខ ៩៩៨ អនក្រ.តត ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ជំនួសលោក មូល វិចិត្រ ដែលត្រូវបានតែងតាំងជា អភិបាលរងខេត្តតាកែវថ្មី។
ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគខេត្ត ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកំម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។
អភិបាលខេត្តតាកែវ បានថ្លែងថា ការប្រកាសមុខតំណែងថ្មីនេះ គឺភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែកអ្នកថ្មី ឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
លោកអភិបាលខេត្ត បានបន្ថែមទៀតថា សូមលោកអភិបាលក្រុង ដែលចូលកាន់មុខតំណែងថ្មីនេះ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពក្នុង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព និងខិតខំបន្តអភិវឌ្ឍក្រុង ឲ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោក លោក អ៊ូច ភា ក៏បានជំរុញដល់អាជ្ញាធរក្រុងស្រុកទំាងអស់ក្នុងខេត្ត ត្រូវខិតខំជំរុញការងារបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសបើកវគ្គបណ្តុះបណ្តាល ឲ្យចំទៅតាមជំនាញ ដែលជាតម្រូវការចំាបាច់ និងសិក្សាឲ្យបានលម្អិតទៅតាមផ្នែកនីមួយៗ ដើម្បីផ្តល់នូវជំនាញច្បាស់លាស់ ឆ្លើយតបនឹងការងារជាក់ស្តែង។
លោក កង អាណាន់ ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរពនិងខិតខំអនុវត្តកម្មវិធីនយោបាយ ច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅមតិណែនាំរបស់ក្រសួង ក៏ដូចជាទិសដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ បន្តនិរន្តភាពការងារក្នុងរដ្ឋបាលក្រុង លើសេវាសាធារណៈ ដោយពង្រឹងគុណភាពបច្ចេកទេស គោរពពេលវេលា។
ជាមួយគ្នានោះ អភិបាលក្រុងដូនកែវថ្មី រូបនេះ បានបញ្ជាក់ថា លោកនឹងរក្សា និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកម្លាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ៕