(សៀមរាប)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យសិក្សាឡើងវិញ អំពីតួនាទី និងសិទ្ធិអំណាចរបស់នគរបាល ដើម្បីឲ្យនគរបាលបំពេញតួនាទី និងសិទ្ធិអំណាចឲ្យស្របទៅតាមច្បាប់។ បើនិយាយពីនគរបាល, សម្តេច ស ខេង មើលឃើញថា នគរបាលខ្មែរ មានចរិតស្លូតបូតជាងនគរបាល នៃបណ្តាប្រទេសផ្សេងៗ។
ការស្នើរបស់សម្តេចក្រឡាហោម បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ប្រកាសតែងតាំងលោក ទៀ សីហា ឲ្យកាន់តំណែងជាអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ។
មូលហេតុ នៃការស្នើរបស់សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើង បន្ទាប់ពីមានការទិតៀនថា នគរបាលខ្មែរ បានរឹតបន្តឹងសន្តិសុខទៅលើអង្គការសង្គមស៉ីវិល កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ខណៈសង្គមស៉ីវិលទាំងនោះ ប្រារព្ធពិធីខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ។
សម្តេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា «ប៉ូលីសខ្មែរ ស្លូតជាប្រទេសផ្សេងៗ តាមខ្ញុំមើលឃើញ។ បើប៉ូលីសស្រុកគេមិនបានទេ បើថាគេដាក់ខ្សែពួរ ខណ្ឌមិនឲ្យឆ្លងកន្លែងណា តែឆ្លងគឺរឿងហើយ តែប៉ូលីសខ្មែរដូចមិនមែនអញ្ចឹង បញ្ជាចរាចរណ៍ បើគេមិនស្តាប់ក៏មិនដឹងធ្វើយ៉ាងម៉េចដែរ»។
សម្តេចបន្តថា «អញ្ចឹងបានខ្ញុំឲ្យសិក្សាឡើងវិញ អំពីតួនាទី និងសិទ្ធិអំណាចរបស់នគរបាល ដើម្បីឲ្យនគរបាល មានលទ្ធភាពបំពេញតួនាទី តាមសិទ្ធិអំណាច ដែលច្បាប់ឲ្យផង ហើយដើម្បី ការពារផលប្រយោជន៍ ការពារសិទ្ធិរបស់ប្រជាពលរដ្ឋផង កុំមានការទិតៀនគ្នាទៅវិញទៅមក»។
ពាក់ព័ន្ធនឹងអង្គការសង្គមស៉ីវិល សម្តេច ស ខេង ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកំពុងត្រូវការដៃគូរ ប្រតិបត្តិការ ហើយអង្គការសង្គមស៉ីវល ក៏ត្រូវការរាជរដ្ឋាភិបាល ជាដៃគូរសហប្រតិបត្តិការ ឲ្យបានល្អប្រសើរដូចគ្នា។ ហេតុនេះ ការស្នើឲ្យសិក្សាពីសិទ្ធិអំណាច របស់នគរបាល គឺធ្វើឡើងដើម្បីឲ្យនគរបាល អាចបំពេញសិទ្ធិ និងអំណាចតាមតែច្បាប់ ដែលបានកំណត់តែប៉ុណ្ណោះ ពោលកសាងភាពជាដៃគូរ ឲ្យគ្នាទៅវិញទៅមក។
សម្តេចបានរម្លឹកដែរថា ដើម្បីពង្រីងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន ក្រសួងមហាផ្ទៃ ក៏បានដាក់ចេញនូវសេចក្ដីណែនាំ ដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជី ត្រឹមត្រូវតាមច្បាប់ មានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាពនៅកម្ពុជា។
សូមជំរាបថា កាលពីទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំថា រាល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍ នានា ដែលបានចុះបញ្ជីត្រឹមត្រូវ មានលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន ព្រមទាំងលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាពបាន ដោយមិនចាំបាច់ជូនដំណឹង ដល់អាជ្ញាធរមូលដ្ឋាន ក្នុងរយៈពេល៣ថ្ងៃ មុនពេលចាប់ផ្ដើមសកម្មភាព ដូចមុនទៀតឡើយ៕