(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញ ចុះត្រួតពិនិត្យមើល តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចអូរផ្កាស្នេហ៍ ព្រមទាំងបានចុះពិនិត្យមើលជីវភាពរស់នៅ របស់បងប្អូនកងទ័ព និងត្រួតពិនិត្យមើលលេណដ្ឋាន របស់អង្គភាពវរៈសេនាតូចលេខ២ផងដែរ។
លោកឧត្តមសេនីយ៍ ច័ន្ទ សុភក្ត្រ័ា ក៏បានជំរុញឲ្យនាយទាហាន និងពលទាហានទាំងអស់ ត្រូវខិតខំកសាងអង្គភាព ជំរុំជម្រកស្នាក់នៅ របស់កងទ័ពឲ្យបានសមរម្យ ពិសេសគឺកសាងលេណដ្ឋាន ឲ្យបានរឹងមាំ, ត្រូវសហការឲ្យបានល្អ ជាមួយអជ្ញាធរមូលដ្ឋាន កម្លាំងមានសមត្ថកិច្ចផ្សេងៗទៀត ហើយត្រូវធ្វើការទប់ស្កាត់បទល្មើសនានា ឲ្យមានប្រសិទ្ធិភាព ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
ជាមួយគ្នានោះ លោកមេបញ្ជាការ ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ជូនដល់នាយ និងពលទាហានគ្រប់ៗរូប ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន។
ក្នុងឱកាសនោះ លោកមេបញ្ជាការ បានឧបត្ថម្ភថវិកាចំនួន៦០០ដុល្លារ ដែលជាថវិការបស់លោកឧត្តមសេនីយ៍ទោ ពៅ ហេង ជូនដល់អង្គភាពវរៈសេនាតូចលេខ២ សម្រាប់កសាងអង្គភាព និងជួសជុលលេណដ្ឋានផងដែរ៕