(ហុងកុង,ចិន)៖ លោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមសន្និសីទទេសចរណ៍អន្តរជាតិហុងកុង ពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០១៨ សំដៅដើម្បីពិភាក្សាអំពីការ អភិវឌ្ឍវិស័យទេសចរណ៍ ការពង្រឹងសក្តានុពលទេសចរណ៍អន្តរជាតិ ការស្វែងរកឱកាសទំនាក់ទំនងពាណិជ្ជកម្ម និងការជំរុញអនុវត្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
អង្គសន្និសីទ មានអ្នកចូលរួមមកពីបណ្តាប្រទេសនៃផ្លូវនិងខ្សែក្រវាត់ ដែលមានផ្នែករដ្ឋាភិបាល អង្គទូត អ្នកដឹកនាំពាណិជ្ជកម្ម ផ្នែកឯកជន និងអ្នកសារព័ត៌មាន សរុបប្រមាណជាង១ពាន់អ្នក។
ក្នុងអង្គសន្និសីទ ក៏បានពិភាក្សាផងដែរអំពីប្រធានបទ៖ ជំរុញកិច្ចសហប្រតិបត្តិការអនុវត្តន៍គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ការអភិវឌ្ឍទេសចរណ៍អន្តរជាតិ និងជំរុញទំនាក់ទំនងការ អភិវឌ្ឍវិស័យទេសចរណ៍នៃគម្រោងខ្សែក្រវាត់ និងផ្លូវ និងការអភិវឌ្ឍតំបន់ឆ្នេរ ក្នុងនោះ វាគ្មិនមកពីហុងកុង ម៉ាកាវ ខ្វាងចូវ ក៏ដូចជាអង្គសន្និសីទទាំងមូលបានឯកភាពគ្នាថា៖
*ទេសចរណ៍ដ៏ល្អ ជាទេសចរណ៍មានកិច្ចសហការ ការសម្របសម្រួល ការចែកចាយបទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញគោលដៅទេសចរណ៍ច្រើនប្រភេទក្នុងតំបន់។
*ត្រូវជំរុញបច្ចេកវិទ្យាបន្ថែម ដោយដឹងថា ការធ្វើដំណើរទេសចរណ៍ចាប់ផ្តើមពីការប្រើប្រាស់ប្រព័ន្ធសង្គម។
*ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ននេះ មិនមែនគ្រាន់តែជាហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់ទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាការទាក់ទាញទេសចរផងដែរ។
*ត្រូវកែសម្រួលផលិតផលទរសចរណ៍ប្រកបដោយនិវានុវត្តន៍ ដើម្បីរក្សាភ្ញៀវឲ្យស្នាក់នៅបានយូរ។
*តំបន់ឆ្នេរដ៏ធំធេងដែលភ្ជាប់ហុងកុង ម៉ាកាវ ខ្វាងចូវជាតំបន់សេដ្ឋកិច្ចដ៏ធំ (ឈរលេខរៀងទី៣ បន្ទាប់ពីឆ្នេរសាន់ហ្រ្វាន់ស៊ីកូ និងឆ្នេរតូក្យូ) ដែលបានធ្វើសមាហរណកម្មប្រជាជនដោយមានលក្ខណៈវប្បធម៌តែមួយ ប្រើប្រាស់វិថីសូត្រសមុទ្រ (Maritime Silk Road)។
សូមបញ្ជាក់ថា ទីក្រុងហុងកុងជាកោះធំមួយដែលទទួលបានទេសចរប្រមាណ៦០លាននាក់ ក្នុងនោះទេសចរអន្តរជាតិមានប្រមាណ ១៤លាននាក់ និងទេសចរក្នុងស្រុកប្រមាណ ៤៦លាននាក់ ក្នុងឆ្នាំ២០១៧៕