(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមកម្សាន្ដសប្បាយរីករាយ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ ឲ្យបានច្រើនកុះករ។
សម្ដេចតេជោ ហ៊ុន សែន តាមរយៈ Facebook ក៏បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ សម្ដេចនឹងទៅខេត្តកោះកុងផងដែរ ដើម្បីត្រៀមចូលរួមក្នុងពិធីបុណ្យសមុទ្រ ហើយសម្ដេចក៏នឹងជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ក្នុងឱកាសនោះដែរ។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានជូនពរ ដល់ប្រជាពលរដ្ឋជនរួមជាតិ និងភ្ញៀវបរទេស ដែលធ្វើដំណើរកម្សាន្ដទៅតាមតំបន់សប្បាយផ្សេងៗ សូមជួបតែសុវត្ថិភាពទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស? ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់, ឡាវ និងវៀតណាម កាលពីពេលថ្មីៗនេះរួចហើយ ខ្ញុំនៅមានកិច្ចការសំខាន់ៗក្នុងប្រទេសជាច្រើនទៀត ដែលត្រូវធ្វើជារៀងរាល់ថ្ងៃ។ នៅចុងសប្តាហ៍នេះ សង្ឃឹមថានឹង បានសម្រាកលំហែរសុខភាពខ្លះមិនខាន។
ស្អែកនេះខ្ញុំនឹងទៅខេត្តកោះកុង ហើយគ្រោងនឹងជួបអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ព្រមទាំងចូលរួមពិធីបុណ្យសមុទ្រ នៅថ្ងៃសៅរ៍នៅទីនោះតែម្តង។ សូមបងប្អូនជនរួមជាតិ និងក្មួយៗចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង អោយបានច្រើកុះករនាចុងសប្តាហ៍នេះ។ សូមជូនពរបងប្អូនធ្វើដំណើរសុខសប្បាយតាមផ្លូវទាំងអស់គ្នា»។
សូមបញ្ជាក់ថា បុណ្យសមុទ្រ នឹងត្រូវប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណី» ហើយក៏មានការអញ្ជើញចូលរួមបើកជាផ្លូវការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕