(ណៃពីដោ-មីយ៉ាន់ម៉ា)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកកម្មវិធីមហាអនុតំបន់មេគង្គ (GMS) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមវេទិកា របៀងសេដ្ឋកិច្ចលើកទី១០ ក្រោមប្រធានបទ «ការពង្រីកច្រករបៀងសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ» ដោយមានការចូលរួមពីរដ្ឋមន្ត្រី មកពីមហាអនុតំបន់មេគង្គ រួមមាន៖ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍ដទៃទៀត ព្រមទាំងវិស័យឯកជន នៅទីក្រុងណៃពីដោ ប្រទេសមីយ៉ាន់ម៉ា។
វេទិការបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ លើកទី១០នេះ រដ្ឋមន្រ្តី GMS បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានា ដែលទទួលបានក្រោមកិច្ចសហប្រតិបត្តិការ នៃមហាអនុតំបន់ទន្លេមេគង្គ ជាពិសេសច្រករបៀង សេដ្ឋកិច្ចសំខាន់ៗ ដើម្បីសម្រេចឲ្យបានចក្ខុវិស័យនៃមហាអនុតំបន់មេគង្គ ប្រកបដោយវិបុលភាព សមាហរណកម្ម និងសុខដុមនីយកម្ម ដោយមាន ភាពតភ្ជាប់ (Connectivity) ភាពប្រកួតប្រជែង Competitiveness) និង សហគមន៍ (Community) ជា អង្គធាតុទាំងបី របស់កិច្ចសហប្រតិបត្តិការ GMS។
រដ្ឋមន្រ្តី GMS ក៏បានផ្លាស់ប្តូរយោបល់គ្នា លើគំនិតផ្តួចផ្តើម និងបទអន្តរាគមន៍សំខាន់ៗ មួយចំនួន ក្នុងទិសដៅសម្រេចឲ្យបាននូវ សក្តានុពលសេដ្ឋកិច្ច GMS តាមរយៈការពង្រីករបៀងសេដ្ឋកិច្ចចម្បងទាំងបី គឺ ៖ របៀងសេដ្ឋកិច្ច ខាងត្បូង-ខាងជើង, ខាងកើត-ខាងលិច និង ភាគខាងត្បូង ព្រមទាំង គម្រោងកសាង និងគម្រោងជួសជុល លើហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ឲ្យស្របជាមួយនឹងលំហូរពាណិជ្ជកម្ម និងវិនិយោគ, វិធានការ សម្របសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម និង ផែនការតភ្ជាប់រូបវន្ត និងសេដ្ឋកិច្ច នៅតាមបណ្តោយរបៀងជាប់ព្រំដែន និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច/កម្រងឧស្សាហកម្ម ដោយធ្វើឲ្យមានតុល្យភាព រវាងការតភ្ជាប់ពីខាងក្រៅ និងក្នុងតំបន់។
ជាមួយគ្នានេះ អង្គវេទិកាក៏បានបង្ហាញពី ការពេញចិត្ត ចំពោះវឌ្ឍនភាព នៃការអនុវត្តក្របខ័ណ្ឌវិនិយោគតំបន់ ២០២២ សម្រាប់ការអភិវឌ្ឍគម្រោងអាទិភាព ក្នុងមហាអនុតំបន់ GMS ដែលមានការកើនឡើងពី៦៦ ពាន់លានដុល្លារ ដល់៨០.៧ពាន់លានដុល្លារ ស្នើនឹងកំណើន៧% នៃគម្រោងសរុប ដែលទទួលបានហិរញ្ញប្បទាន ក្នុងនោះគម្រោងរបស់កម្ពុជា បានកើនឡើងពី ២,២៩៩ លានដុល្លារ ដល់២,៩៣៦.៤ លានដុល្លារ គិតត្រឹមឆ្នាំ២០១៨នេះ។
យ៉ាងណាមិញ វេទិកាក៏បានជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពីដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីធានាឱ្យមាន ប្រភពហិរញ្ញប្បទានបន្ថែមទៀត ដើម្បីឱ្យ អាចឆ្លើយតបបាន ទៅតាមសេចក្តីត្រូវការ ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងមហាអនុតំបន់ GMS។
ជាលទ្ធផល រដ្ឋមន្រ្តី GMS បានបញ្ជាក់ អំពីការប្តេជ្ញា ក្នុងការរឹតបន្តឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើ «ភាពតភ្ជាប់ ផ្នែកទន់» សំដៅជំរុញ ការផ្សារភ្ជាប់ឌីជីថល, និងពន្លឿន ការអនុវត្តន៍ពេញលេញ នូវកិច្ចព្រមព្រៀង សម្រួលការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន (CBTA) ដើម្បីជាអភិក្រម សម្រាប់ធ្វើឲ្យប្រសើរឡើង នូវកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូន ប្រកបដោយស័ក្តិសិទ្ធិភាព ក្នុងការជំរុញ ការអភិវឌ្ឍវិស័យទេសចរណ៍ និងសមាហរណកម្មពាណិជ្ជកម្ម កសិកម្ម និងឧស្សាហកម្ម នៅក្នុងតំបន់ និងការដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹង ការធ្វើចំណាកស្រុក, និងជម្ងឺឆ្លង នៅតាមរបៀងសេដ្ឋកិច្ច GMS ដើម្បីធានាឲ្យមាននិរន្តភាព នៃកិច្ចសហប្រតិបត្តិការ GMS។
លើសពីនេះទៅទៀត រដ្ឋមន្រ្តី GMS ក៏បានគូសបញ្ជាក់ពី សារៈសំខាន់ នៃ «ភាពតភ្ជាប់ ផ្នែកឧស្សាហកម្ម» នៅតាមរបៀងសេដ្ឋកិច្ច GMS ដើម្បីធានាឲ្យមានភាពប្រកួតប្រជែងខ្ពស់ ក្នុងខ្សែចង្វាក់ផលិតកម្ម នៅក្នុងតំបន់ និងពិភពលោកផងដែរ៕