(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមផ្តល់ព័ត៌មានទាក់ទងពីផ្លូវខូច ដោយថតយកផ្លូវណាដែលមានសំបុកមាន់ ផ្លូវខូច រួចផ្ញើចូលក្នុងកម្មវិធីថែទាំផ្លូវ «ROAD CARE» ដើម្បីឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹង នឹងបានចាត់ក្រុមការងារចុះជួសជុលបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីថែទាំផ្លូវ «ROAD CARE mobile app» នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផលប្រយោជន៍នៃកម្មវិធីថែទាំផ្លូវ «ROAD CARE mobile app» នេះនឹងអាចផ្តល់មកដល់ក្រសួងសាធារណការ និងដឹកជញ្ជូន នូវព័ត៌មានដែលអ្នកប្រើប្រាស់ផ្លូវ បានឃើញផ្លូវដែលមានសំបុកមាន់ ផ្លូវដែលខូតខាត ចង់ផ្តល់ព័ត៌មាន ដល់ក្រសួងដើម្បីចុះធ្វើការជួសជុល ដោយអាចថតរូប ហើយផ្ញើមកក្រសួងសាធារណការផ្ទាល់ ឱ្យក្រសួងបានចាត់វិធានការជាបន្ទាន់ ដើម្បីជួសជុលផ្លូវនោះទាន់ពេលវេលា។ ប្រព័ន្ធ App មួយនេះគឺវាអាចបង្ហាញទីតាំងបានពិតប្រាកដ ដែលធ្វើឱ្យក្រសួងមានភាពងាយស្រួល ក្នុងការជួសជុល ផ្លូវដែលបានខូចនោះបាន។
លោកបន្ថែមថា «វាពិតជាមានមោទនភាពណាស់ ដែលក្រសួងមានបុគ្គលិក ដែលខិតខំប្រឹងប្រែងធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីខិតខំប្រឹងប្រែងបញ្ចប់នៅយុទ្ធនាការ១០០ថ្ងៃនេះ ដើម្បីបង្កើតកម្មវិធីថែទាំផ្លូវនេះ»។
លោកក៏សុំឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកដែលបានប្រើប្រាស់ផ្លូវទាំងអស់ សូមទាញយកកម្មវិធីថែទាំផ្លូវ របស់ក្រសួងនេះឱ្យបានគ្រប់ៗគ្នា ហើយសូមចូលរួមថែទាំផ្លូវទាំងអស់គ្នា បើពេលណាឃើញមានផ្លូវណា ដែលមានសំបុកមាន់ ផ្លូវខូច សូមជួយថតហើយផ្ញើចូលក្នុងកម្មវិធីថែទាំផ្លូវមួយនេះ ដើម្បីឱ្យក្រសួងបានដឹង នឹងបានចាត់ក្រុមការងារចុះជួសជុលបានទាន់ពេលវេលា ដើម្បីកុំឱ្យផ្លូវដែលមានសំបុកមាន់តូច ក្លាយទៅជាធំ នាំឱ្យការជួលជុល អស់ថវិការច្រើន ព្រោះក្រសួងមិនអាចមើលបានសព្វអស់គ្រប់ទីកន្លែងនោះទេ ដូចនេះមានតែពឹងទៅលើបងប្អូនអ្នកប្រើប្រាស់ផ្លូវ ជួយផ្តល់ជាព័ត៌មាន ដើម្បីឱ្យក្រសួងបានចាត់វិធានការណ៍បានទាន់ពេលវេលា។
លោកបានបន្ថែមថា សម្រាប់ព័ត៌មានដែលបានផ្តល់មក ទោះជាមិនមែនស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងសាធារណការ និងដឹងជញ្ជូនផ្ទាល់ ក៏ក្រសួងនឹងបញ្ជូនព័ត៌មានទាំងអស់នោះ ទៅដល់ស្ថាប័នពាក់ព័ន្ធ ចុះទៅជួសជុលថែទាំងផ្លូវឱ្យបានលឿនផងដែរ ដើម្បីជៀសវាងការខូចខាតកាន់តែធំនៅតាមដងផ្លូវ ហើយងបង្កជាគ្រោះថ្នាក់ចររាចរណ៍ជាយថាហេតុផងដែរ។
លោកបានគូសបញ្ជាក់ថា កម្មវិធីថែទាំផ្លូវនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយផ្លូវជង្ហុកសំបុកមាន់ ព្រមទាំងជួយឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវប្រកបដោយសុវត្ថិភាព ជាពិសេសជាងនេះទៅទៀត វាបង្ហាញពីការរីកចម្រើននៃអរិយធម៌ខ្មែរនាបច្ចុប្បន្ន តាមការរីកចម្រើនវិស័យព័ត៌មានវិទ្យានេះផងដែរ៕