(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគ្រឿងញៀន និងក្រាមពណ៌សថ្លា១២កញ្ចប់ (ប្រភេទម៉ាទឹកកក)។
មន្ដ្រីអាវុធហត្ថបានបញ្ជាក់ថ ជនសង្ស័យទាំង២៤នាក់នេះ ត្រូវបានកម្លាំងល្បាតក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ រួមមានការសហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាន ០២ថ្ងៃផ្សេងគ្នា ក្នុងភូមិសាស្រ្តរៀងខ្លួន នៃរាជធានីភ្នំពេញ។
ក្នុងនោះរួមមាន ជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាននៅចន្លោះម៉ោង០៩៖០០នាទី និងម៉ោង១០៖៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ចំណុចផ្លូវជាតិលេខ៦A ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
ចំណែក១៧នាក់ផ្សេងទៀត ឃាត់ខ្លួនបានកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៥៖៣៥នាទី នៅចំណុចលើផ្លូវបេតុង និងបន្ទប់ជួលគ្មានលេខ សំណង់មិនរៀបរយ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្រោយពីធ្វើការសាកសួរ តាមវិធានការជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង២៤នាក់ខាងលើ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀនពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕