(កំពង់ស្ពឺ)៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានជំរុញឲ្យបងប្អូនសហគមន៍ រៀបចំផែនការដាំបន្លែសុវត្ថភាព និងការចញ្ចឹមសត្វ ឲ្យបានច្បាស់លាស់ ដើម្បីធានានូវនិរន្តភាព នៃការផ្គត់ផ្គង់លើទីផ្សារ ដោយសហគមន៍ធ្វើការសហកា រជាមួយមន្ទីរកសិកម្ម និងផ្នែកពាក់ព័ន្ធ ជាពិសេសផ្នែកបច្ចេកទេសដាំដុះ និងការចញ្ចឹមសត្វ។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក កៅ ថាច រួមជាមួយអ្នកជំនាញបច្ចេកទេស កសិកម្មជនជាតិជប៉ុន, លោក Dr. Nabeshima Katsuhito, តំណាងមន្ទីរកសិកម្ម, លោកអភិបាលស្រុក និងសហការី បន្តចុះសំណេះសំណាល និងចុះពិនិត្យសិក្សា លើការដាំដុះបន្លែ ដល់ទីតាំងផលិតបន្លែ និងចញ្ចឹមសត្វ របស់សហគមន៍នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្នុងជំនួបជាមួយបងប្អូនប្រជាកសិករ លោកអគ្គនាយកក៏បានណែនាំ និងផ្សព្វផ្សាយពីគោលការណ៍ឥណទាន សហគមន៍របស់ធនាគារអភិវឌ្ឍន៍ជនបទ ជូនដល់បងប្អូនប្រជាសហគមន៍ បានជ្រាបនិងស្គាល់ ធនាគារអភិវឌ្ឍន៍កាន់តែច្បាស់ផងដែរ។
បន្ថែមលើសពីនេះទៀត លោក កៅ ថាច បានបន្តលើកទឹកចឹត្តបងប្អូនអ្នកផលិតបន្លែ ឲ្យធ្វើការដាំដុះបន្លែសុវត្ថិភាពគ្មានជាតិគីមី និងបន្លែសរីរាង្គ និងពង្រីកការចញ្ចឹមសត្វ ដើម្បីបំពេញតម្រូវការទីផ្សារ និងចូលរួមកាត់បន្ថយ ការនាំចូលពីបរទេស។
ជាមួយគ្នានោះ លោក កៅ ថាច បានជំរុញឲ្យបងប្អូនសហគមន៍ រៀបចំផែនការដាំបន្លែសុវត្ថិភាព និងការចញ្ចឹមសត្វ ឲ្យបានច្បាស់លាស់ ដើម្បីធានានូវនិរន្តភាព នៃការផ្គត់ផ្គង់លើទីផ្សារ ដោយសហគមន៍ ធ្វើការសហការជាមួយមន្ទីរកសិកម្ម និងផ្នែកពាក់ព័ន្ធ ជាពិសេសផ្នែកបច្ចេកទេសដាំដុះ និងការចញ្ចឹមសត្វ។
លោក កៅ ថាច ក្នុងនាមជាធនាគារបម្រើ ឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទរីករាយស្វាគមន៍ ក្នុងការទំលាក់ឥណទាន និងជំនួយផ្នែកបច្ចេកទេស ដើម្បីគាំទ្រការផលិតបន្លែសរីរាង្គ របស់បងប្អូនសហគមន៍ ព្រមទាំងជួយសហគមន៍ ធ្វើការតភ្ជាប់រវាងអ្នកផលិតទៅទីផ្សារ៕