(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក Grahame Dixie នាយកអង្គការ GrowAsia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងភាពជាដៃគូជាមួយកម្ពុជា សម្រាប់និរន្តរភាពនៃវិស័យកសិកម្ម (The Cambodian Partnership for Sustainable Agriculture, CPSA)។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូន លោក Grahame Dixie នាយកអង្គការ GrowAsia ពីការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ដ្រីបានបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជា ផលិតស្បៀងលើសពីសេចក្តីត្រូវការក្នុងស្រុក ហើយកំពុងជំរុញគាំទ្រ និងលើកទឹកចិត្ត ដល់វិស័យឯកជន សហគ្រាសខ្នាតតូច និងមធ្យម និងដៃគូអភិវឌ្ឍន៍នានា វិនិយោគ លើវិស័យកែច្នៃ ដើម្បីធានានូវនិរន្តរភាព នៃការផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាពឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។

លោកបន្ដថា ក្រៅពីនេះ ក្រសួងកសិកម្ម កំពុងជំរុញបន្ថែមទៀត ដល់សហគមន៍ កសិករខ្នាតតូច និងមធ្យម សហការធ្វើការដាំដុះ ជាមួយវិស័យឯកជនតាមរយៈ ការធ្វើកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបាន នូវបរិមាណផ្គត់ផ្គង់ ទីផ្សារ និងស្ថិរភាពតម្លៃ។

លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា នេះជាគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក តាមរយៈការលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជាពិសេស គោលនយោបាយនេះ នឹងចូលរួមចំណែកសម្រេច បានតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

លោក Grahame Dixie ជម្រាបជូន លោករដ្ឋមន្ត្រីជ្រាបថា ទស្សនរបស់អង្គការ GrowAsia គឺមានប្រាថ្នាចង់ធ្វើសកម្មភាព ឆ្លើយទៅនឹងផែនការយុទ្ធសាស្រ្ត ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ហើយលើសពីនេះទៀត គឺចង់ធ្វើការកៀរគរពីគ្រប់ភាគីពាក់ព័ន្ធមកចូលរួមគាំទ្រ និងសហការគ្នាអភិវឌ្ឍវិស័យមួយនេះ ឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។

លោកបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍនេះ ចាំបាច់ត្រូវការប្រើប្រាស់យន្តការនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជថលកសិកម្មទំនើប ទាន់សម័យសមស្របតាមតម្រូវការចាំបាច់របស់អ្នកផលិត ស្របតាមលក្ខណៈភូមិសាស្រ្ត និងបរិបទនៃការប្រែប្រួលអាកាសធាតុ ជាពិសេសសមស្របតាមតម្រូវការទីផ្សារ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី វេង សាខុន បានស្នើឲ្យអង្គការធ្វើការរៀបចំផែនការសកម្មភាព ក្នុងការជួយដល់វិស័យកសិកម្មកម្ពុជា រួមទាំងការបណ្តុះបណ្តាលបច្ចេកទេស ការធ្វើកសិកម្មតាមកិច្ចសន្យា ការកែច្នៃវេចខ្ចប់ធានា បាននូវគុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាព ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ។

ទន្ទឹមនឹងនេះ ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងក្រសួង និងអង្គការអនុវត្ត បានប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាព បង្កើតក្រុមការងាររៀបចំសេចក្តីព្រាង អនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងឈានទៅចុះហត្ថលេខា ក្នុងពេលឆាប់ៗខាងមុខ៕