(ភ្នំពេញ)៖ លោកបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរាបជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចថា សន្តិភាព បានផ្តល់ឱកាសដល់យើងគ្រប់គ្រាន់ ដើម្បីគិតគូរពីជីវភាពរស់នៅ និងសុខមាលភាពផ្ទាល់ខ្លួន។
ការលើកឡើងរបស់លោករដ្ឋលេខាធិការ ខណៈបានទទួលការអនុញ្ញាត ពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឲ្យធ្វើជាតំណាង ក្នុងពិធីផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម និងចែកបណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅទីស្តីការក្រសួង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដោយមានកិច្ចសហការជាមួយបេឡាជាតិ របបសន្តិសុខសង្គម។
លោក ចាប សុថារិទ្ធ បានរម្លឹកថា នៅកម្ពុជាយើង របបសន្តិសុខសង្គម ត្រូវបានបង្កើតឡើង តាំងពីសម័យសង្គមរាស្ត្រនិយម កាលពីឆ្នាំ១៩៥៥ ។ តែគួរឲ្យសោកស្តាយអំឡុងពេលសង្គ្រាម និងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត របបសន្តិសុខសង្គមនេះ ត្រូវបានបំផ្លាញចោលទាំងស្រុង។
ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ មកទល់ឆ្នាំ១៩៩៣ រដ្ឋាភិបាលអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា បានទទួលព្យាបាលប្រជាជនទាំងស្រុង ដោយឥតគិតថ្លៃ។ ក្រោយមកប្រទេសជាតិយើងមានការវិវត្តន៍បណ្តើរៗ ជាពិសេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០០២ ច្បាប់របបសន្តិសុខសង្គម ត្រូវបានអនុម័ត។ អនុក្រឹត្យស្តីពីការបង្កើតបេឡាជាតិ របបសន្តិសុខសង្គម ត្រូវបានអនុម័តនៅឆ្នាំ២០០៧។
លោកបណ្ឌិត ចាប សុថារិទ្ធ បានបន្តថា ក្នុងស្ថានភាពបច្ចុប្បន្ន នៅពេលដែលប្រទេសជាតិមានសន្តិភាព និងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ការធានាផ្នែករបបសន្តិសុខសង្គម ពិតជាមានសារៈ សំខាន់ខ្លាំងណាស់។ ប្រជាជនកម្ពុជា រួមទាំងកម្មករនិយោជិត ដែលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាន ឯកជន និងរដ្ឋ ពិតជាត្រូវការ ការធានាផ្នែកសន្តិសុខសង្គមនេះ ជាចាំបាច់។
លោកបណ្ឌិត បញ្ជាក់ទៀតថា របបសន្តិសុខសង្គម ពិតជាបានឆ្លុះបញ្ចាំងពីវប្បធម៌ នៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ ក្នុងសង្គមរបស់ប្រជាជាតិយើង ដើម្បីធានាការពារមិនឱ្យសមាជិក សង្គមណាម្នាក់ ធ្លាក់ទៅក្នុងហានិភ័យ នៃភាពក្រីក្របានឡើយ។ ម្យ៉ាងទៀត គោលនយោបាយរបបសន្តិសុខសង្គម ក៏រួមចំណែកយ៉ាងសំខាន់ ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈវប្បធម៌ នៃការចែករំលែក គឺមានន័យថា អ្នកមានប្រាក់ចំណូលខ្ពស់ អាចជួយដល់អ្នកមាន ប្រាក់ចំណូលទាប អ្នកមានសុខភាពល្អ អាចជួយដល់អ្នកមានជំងឺ ជនពិការ ឬអ្នកដែលទទួលរងនូវគ្រោះថ្នាក់ផ្សេងៗ ជនមានវ័យក្មេងអាចជួយដល់ជនចាស់ជរា។
លោកបន្តថា សកម្មភាពនេះ ធ្វើឲ្យមនុស្សក្នុងសង្គមទាំងមូល ទទួលបាននូវភាពកក់ក្តៅ និងលំនឹងក្នុងជីវភាពរស់នៅ ធានារក្សាបានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។
បើតាមរបាយការណ៍របស់លោក ម៉េង ហុង តំណាងឲ្យនាយកបេឡាជាតិរបបសន្តិសុខសង្គម បានឲ្យដឹងថា ប.ស.ស បានរៀបចំបណ្ណសមាជិកចំនួន ៧៩៤បណ្ណ ប្រគល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីទទួលបានសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលនានា ដែលបានចុះកិច្ចសន្យាសហប្រតិបត្តិការជាមួយ ប.ស.ស។
ក្នុងនាមតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោក ចាប សុថារិទ្ធ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងមនោសញ្ចេតនានឹករឭក យ៉ាងជ្រាលជ្រៅ របស់លោកស្រី ជូនចំពោះបងប្អូន ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងទាំងអស់ ដែលមានវត្តមានចូលរួម ក្នុងអង្គពិធីផ្សព្វផ្សាយអំពី គោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម និងចែកបណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅទីស្តីការក្រសួងនាពេលនេះ។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើម និងកិច្ចខំប្រឹងប្រែងរបស់ បេឡាជាតិរបបសន្តិសុខសង្គម (NationalSocial Security Fund) ដែលហៅកាត់ថា ប.ស.ស ដែលបានខិតខំបំពេញភារកិច្ចដ៏ថ្លៃថ្លា និងជួយសហការរៀបចំពិធី ដ៏មានសារៈសំខាន់នេះ៕