(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានយល់ឃើញថា សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលរៀបចំដោយរដ្ឋសភានាពេលនេះ មិនមែនសម្រាប់តែក្រុមអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិនោះទេ ប៉ុន្តែច្បាប់នេះបង្កើតឡើងសម្រាប់អ្នកនយោបាយទូទៅ ដែលនឹងអនុវត្តនៅពេលខាងមុខ។
លោក សួន សេរីរដ្ឋា បានលើកឡើងយ៉ាងដូច្នេះថា៖ «ច្បាប់នេះគឺនឹងមានវិសាលភាពគ្របដណ្តប់ដល់គ្រប់អ្នកនយោបាយ គ្រប់គណបក្សទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ធ្វើនយោបាយ និងមានសកម្មភាពនយោបាយ ក្នុងប្រទេសខ្មែរ។ អ្នកនយោបាយណាក៏ដោយ នៅក្នុង គណបក្សណាក៏ដោយ បើថ្ងៃក្រោយត្រូវតុលាការកាត់ទោសហាមឃាត់មិនឲ្យធ្វើនយោបាយក្នុងថេរៈវេលាកំណត់ គឺទទួលបានប្រយោជន៍ពីច្បាប់ដែលធ្វើវិសោធនកម្មនាពេលនេះដូចគ្នា។ ពោលគឺវាមិនមែនសម្រាប់តែក្រុមអតីតៈ គណបក្សសង្គ្រោះជាតិ ១១៨ នាក់ នេះទេ ហើយវាក៏មិនមែនសម្រាប់តែមួយលើកនេះដែរ ព្រោះច្បាប់គឺជាច្បាប់ ដែលត្រូវបម្រើ និងផ្តល់ប្រយោជន៍សាកល»។
សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានរៀបចំដោយតំណាងរាស្រ្តចំនួន៨៧រូប ដើម្បីកែប្រែនូវមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖
«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយ ពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
សេចក្តីស្នើច្បាប់នេះ ត្រូវរដ្ឋសភាយកទៅអនុម័តនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកនយោបាយមួយចំនួន បានចាត់ទុកថា សេចក្តីស្នើច្បាប់នេះ ធ្វើឡើងហាក់សម្តៅទៅកាន់ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ១១៨រូប ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៧មក។
លោក សួន សេរីរដ្ឋា បានបញ្ជាក់បន្តទៀថា សេចក្តីស្នើច្បាប់នេះ ធ្វើឡើងចំពេលចាំបាច់។ លោកអះអាងថា៖ «ខ្ញុំយល់ថា ច្បាប់វិសោធនកម្មនេះ វាចាំបាច់ហើយមានប្រយោជន៍ ព្រោះបើតុលាការកាត់ទោសហើយ ត្រូវតែមានច្បាប់ បង្ហាញផ្លូវ និងនីតិវិធី ដើម្បីជួយសម្រួលឲ្យអ្នកបាត់បង់នីតិសម្បទា នោះទទួលបាននីតិសម្បទា ឡើងវិញ កុំឲ្យពួកនោះត្រដរខ្យល់លោតស្រែកសុំ ម្តងទៅអ្នកនេះ ម្តងទៅអ្នកនោះ ទាំងគ្មានច្បាប់។ ពិសេស គឺក្រុមអ្នកដែលធ្លាប់អង្គុយធ្វើច្បាប់ តែល្ងង់មិនចេះច្បាប់ !»៕