(ភ្នំពេញ)៖ វេជ្ជបណ្ឌិត ង្វៀន មីងុក ឯកទេសសម្ភព និងរោគស្ត្រី និងជាអនុប្រធានផ្នែកសម្ភព និងរោគស្រ្តី នៅមន្ទីរពេទ្យជោរៃហូជីមីញ ប្រទេសវៀតណាម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្ត្រីគ្រប់វ័យ មិនថាក្មេង ឬចំណាស់ ដែលមាន «ជំងឺដុំស្បូន និងដុំគីសដៃស្បូន» ដោយមិនបានដឹង និងមិនមកពិនិត្យព្យាបាលឲ្យទាន់ពេលវេលានោះទេ ធ្វើឲ្យអ្នកជំងឺប្រឈមនឹងការកើតជំងឺមហារីកក្នុងដៃស្បូន ហើយបើឈានចូលដល់ដំណាក់ការនេះគឺពិបាកក្នុងការព្យាបាល ឲ្យមានសុខភាពល្អឡើងវិញណាស់។
ការថ្លែងបញ្ជាក់របស់វេជ្ជបណ្ឌិតជំនាញមកពីប្រទេសវៀតណាមរូបនេះ ធ្វើឡើងនៅក្នុងកម្មវិធីពិនិត្យ និងព្យាបាល «ជំងឺដុំស្បូន និងដុំគីសដៃស្បូន» ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺឆ្អឹងខ្នងចំនួន៥០នាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដែលមានការសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma ជាងនេះទៅទៀតនោះ គឺកិច្ចសហការរវាងស្ថាប័នទាំង២នេះ នឹងធ្វើឡើងសម្រាប់អ្នកជំងឺដល់ទៅ១ពាន់នាក់។
លោកស្រីវេជ្ជបណ្ឌិតមកពីប្រទេសវៀតណាម ង្វៀន មីងុក បានបញ្ជាក់ថា «ស្ត្រី១០ភាគរយ បើយើងមិនបានដឹងលឿនអាចប្រមុខនឹងការកើតជំងឺមហារីកក្នុងស្បូនអត្រាខ្ពស់ តែភាគច្រើនមានប្រមាណ៩០ភាគរយ ជាដុំគីសប្រភេទស្លូត [...] ប្រសិនបើអ្នកជំងឺដឹងពីអាការៈលឿន(ដឹងមុនថាខ្លួនកើតជំងឺនេះ) អ្នកជំងឺគ្រាន់តែប្រើថ្នាំសម្រាប់ព្យាបាល តែបើសិនអ្នកជំងឺប្រើពេលយូរមិនមកពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលានោះទេ អាចប្រឈមនឹងការវះកាត់ជាដំណាក់ការចុងក្រោយ»។
វេជ្ជបណ្ឌិតជំនាញរោគស្ត្រីរូបនោះបានបន្ថែមថា ជំងឺដុំសាច់នៅក្នុងតួស្បូនមានបួនប្រភេទរួមមាន៖
ទី១៖ នៅក្រោមភ្នាសស្បូន
ទី២៖ នៅខាងលើភ្នាសស្បូន
ទី៣៖ នៅក្នុងតួស្បូនតែម្តង
ទី៤៖ នៅនឹងកស្បូន (ពិបាកក្នុងការព្យាបាល)។
បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma រៀបចំកម្មវិធី ពិនិត្យ និងព្យាបាល «ជំងឺដុំស្បូន និងដុំគីសដៃស្បូន» ឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ហើយសម្រាប់កិច្ចសហការនេះ នឹងធ្វើឡើងសម្រាប់អ្នកជំងឺរហូតដល់ទៅ១ពាន់នាក់ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
សូមជម្រាបថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នក «ជំងឺដុំស្បូន និងដុំគីសដៃស្បូន» នេះគឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមានឱកាសទទួលបាន ការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារបរិក្ខារពេទ្យទំនើប ដែលមានបំពាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
លោកស្រីវេជ្ជបណ្ឌិតជំនាញ មកពីប្រទេសវៀតណាមរូបនោះបានបញ្ជាក់ពីហានីភ័យនៃការកើតជំងឺដុះដុំសាច់នៅក្នុងតួស្បូនថា «ប្រសិនបើយើងដឹងលឿនយើងព្យាបាលលឿនវាល្អ និងយល់ល្អយើងអាចបកវាចេញ ហើយប្រសិនបើមានដុំគីសនោះឡើងធំ វានាំឲ្យអ្នកជំងឺពិបាកបត់ជើងធំ ឬបត់ជើងតូច ឬធ្វើឲ្យអ្នកជំងឺខ្វះគ្រាប់ឈាម ក៏ព្រោះតែករណីដុំគីសឡើងធំ ថែមទាំងស្រកឈាមយូរថ្ងៃ ដោយសារអ្នកជំងឺមិនដឹងមុន វាបានធ្វើឲ្យអ្នកជំងឺបាត់បងគ្រាប់ឈាមច្រើន»។
ជាមួយគ្នានោះដែរ វេជ្ជបណ្ឌិតដែលមកពីប្រទេសវៀតណាមជំនាញ សម្ភព និងរោគស្ត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋសំដៅទៅលើស្រី្ត ឲ្យឧស្សាហ៍ទៅពិនិត្យសុខភាព ទាក់ទងនឹងរោគស្រ្តី ឲ្យបាន៣ខែម្តង ងាយស្រួលក្នុងតាមដានសុខភាពប្រចាំថ្ងៃ និងចៀសវាងពីការកើតជំងឺ «ជំងឺដុំស្បូន និងដុំគីសដៃស្បូន» ដែលជាជំងឺកាចសាហាវមួយ ដែលឧស្សាហ៍កើតទៅលើស្ត្រីគ្រប់វ័យមិនថាចាស់ឬក្មេងឡើយ៕