(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំធ្វើពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង និងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨-២០១៩។ លោក ឈឹម ធឿន ត្រូវបានតែងតាំងជានាយកថ្មី ជំនួសលោក ឆាយ សុភា ដែលត្រូវបានផ្ទេរទៅកាន់ភារកិច្ចថ្មី ទៅក្រសួងការងារវិញ។
ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ងួន រតន: អភិបាលខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត នាយក នាយករង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិតវិទ្យាស្ថានពហុបច្ចេក ទេសភូមិភាគតេជោសែនបាត់ដំបង ទាំងអស់ផងដែរ។
លោក ងួន រតនៈ បានអបអរសាទរ និងគាំទ្រដល់លោកនាយកទើប បានប្រកាសតែងតាំងថ្មី និងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨-២០១៩នេះ ព្រមទាំងផ្តាំផ្ញើដល់លោកនាយកថ្មី ដែលត្រូវបានប្រគល់ជូនភារកិច្ចជាអ្នកបន្តវេណ ធ្វើការឲ្យបានល្អ និងក្មួយៗនិស្សិតទាំងអស់ខិតខំរៀនសូត្រ ក្រេបយកចំណេះដឹងរហូតដល់ចប់សម្រាប់យកទៅប្រើប្រាស់ ជាប្រយោជន៍អនាគតផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងចូលរួមបម្រើប្រទេសជាតិឈានទៅរកការអភិវឌ្ឍន៍។
លោក ពេជ សោភ័ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំវិទ្យាស្ថានទាំងអស់ ដែលបានខិតខំធ្វើការជាអ្នកបន្តវេណឲ្យបានល្អបន្ថែមទៀត និងថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលតែងតែបានជួយគាំទ្រ និងមានកិច្ចសហការល្អដល់វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនបាត់ដំបងកន្លងមក។
រដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា ក្មួយៗនិស្សិតទាំងអស់ មានសំណាងណាស់ភាគច្រើន ដែលបានចូលរៀនតាមរយៈអាហារូបករណ៍ ដែលមានអភិបាលខេត្ត ជាប្រធានអាហារូបករណ៍ខេត្តស្រាប់ ហើយក្មួយៗបានមករៀនវិជ្ជាជីវៈនៅវិទ្យាស្ថានយើងគ្រប់កំរិត គ្រប់ជំនាញ គឺត្រូវខិតខំរៀនសូត្រយកចំណេះដឹងវិជ្ជាជីវៈទាំងនេះ ទៅធ្វើការនៅតាមទីផ្សារការងារ នៅតាមស្ថាប័នរដ្ឋ និងក្រុមហ៊ុន ឯកជនផ្សេងៗ ដើម្បីមានឱកាសរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារខ្លួន ប្រៀបបាន និងមានការចូលរួមអភិវឌ្ឍន៍ជាតិយើងផងដែរ។
លោកបានបន្តថា «ប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានឈ្មោះល្បីល្បាញ លើឆាកជាតិនិងអន្តរជាតិ ហើយមានកំណើនសេដ្ឋកិច្ចខ្ពស់មានក្នុង៨ប្រទេសក្នុងចំណោម១៩៣ប្រទេសលើពិភពលោក ហើយធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានដាក់ប្រសិទ្ធនាមប្រទេសកម្ពុជាថា ជាកូនខ្លាសេដ្ឋកិច្ចនៅអាស៊ីផងដែរ»៕