(ភ្នំពេញ)៖ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោក ហុក គីមចេង បានឲ្យដឹងថា នៅរាជធានីភ្នំពេញ, មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ឈាមជាង៧០% ខណៈការទទួលខុសត្រូវ តាមបណ្ដាលខេត្តមានត្រឹមតែ ១% ទៅ៥% ប៉ុណ្ណោះ ព្រោះអ្នកជំងឺដែលត្រូវការឈាម ភាគច្រើនបញ្ជូនមកភ្នំពេញ ដូច្នេះហើយទើបអត្រាភាគរយនៅភ្នំពេញ ខ្ពស់ជាងនៅតាមខេត្ត។
ក្នុងពិធីការបរិច្ចាគឈាមស្ម័គ្រចិត្តនិស្សិត IU អាចធ្វើបានទាំងអស់គ្នា នៅសាលវិទ្យាល័យអន្តរជាតិ (IU) នៅថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១៨ លោក ហុក គីមចេង បានថ្លែងថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានសហការជាមួយ និងក្លឹបនៃក្ដីស្រឡាញ់ ក្លឹបរបស់សហភាព សហព័ន្ធយុវជនកម្ពុជា នៅក្នុងការរៀបចំធ្វើយុទ្ធនាការ នៅតាមសាកលវិទ្យាល័យទាំងអស់ ក្នុងគោលបំណងដើម្បីប្រមូល បានអំណោយឈាមដើម្បី ជួយដល់អាយុជីវិតមនុស្ស ដែលសម្រាកព្យាបាល នៅតាមមន្ទីពេទ្យទាំងអស់។
លោកបន្តថា «ជាពិសេសនៅរាជធានីភ្នំពេញហ្នឹង គឺមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលខុសត្រូវនៅក្នុងការផ្គត់ផ្គង់ឈាម ប្រមាណ៧០ភាគរយជាង នៃការផ្គត់ផ្គង់ឈាម នៅទូទាំងប្រទេស»។
លោកបន្តទៀតថា នៅតាមបណ្ដាខេត្ត មានមជ្ឈមណ្ឌលជាតិចំនួន២១កន្លែង ហើយមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមនៅតាមខេត្ត ទទួលខុសត្រូវ ក្នុងការផ្គត់ផ្គង់សម្រាប់ទុកបម្រើសេវា ជូនប្រជាពលរដ្ឋ នៅក្នុងខេតុ្តផ្ទាល់ដោយមិនចាំបាច់ឲ្យពលរដ្ឋ ឡើងមកទទួលសេវានៅភ្នំពេញក៏បានដែរ។
ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមសង្កត់ធ្ងន់ថា ចំពោះពលរដ្ឋនៅតាមបណ្ដាខេត្ត មានការប្រើប្រាស់ឈាមតិចតួច (១ភាគរយ ២ភាគរយ និង៥ភាគរយ តែប៉ុណ្ណោះ)។ លោកថា ដោយឡែកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលខុសត្រូវរហូតទៅដល់៧០ភាគរយជាងនៅទូទាំងប្រទេស។
លោកបន្តថា នេះជាបន្ទុកមួយដ៏ធ្ងន់ធ្ងររបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម សម្រាប់ការផ្គត់ផ្គង់ឈាមនេះ ដើម្បីជួយដល់អាយុជីវិតរបស់ពលរដុ្ឋ ដែលបានមកទទួលសេវា ការព្យាបាលនៅតាមបណ្ដា មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យឯកជន នានាផេ្សងទៀតទៅតាមតម្រូវការរបស់ពលផងដែរ។
លោកបន្ថែមទៀតថា ការអភិវឌ្ឍន៍នានារបស់មជ្ឈមណ្ឌលជាតិផ្ដលឈាម នៅមានច្រើន ដែលតម្រូវឲ្យមជ្ឈមណ្ឌល ធ្វើការស្វែងរកដៃគូរសហការ ដូចជា៖ កាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការការតស៊ូមតិ ដើម្បីធ្វើឲ្យមានផូលេស៊ីមួយ ក្នុងការធានាឲ្យបាននិរន្តភាព នៅក្នុងការធ្វើការផ្គត់ផ្គង់ឈាម ដែលត្រូវមានការអភិវឌ្ឍន៍ច្រើននេះ។
លោកបន្តថា ការផ្ដល់សេវាផ្គត់ផ្គង់ឈាម គឺជាសេវាមនុស្សធម៌មួយ ដោយនៅក្នុងពេលបច្ចុប្បន្ន ជាបន្ទុករបស់រាជរដ្ឋាភិបាលទាំងស្រុង ក៏ដូចជាក្រសួងសុខាភិបាល ដោយសមាសភាពឈាម ទាំងអស់ត្រូវបានផ្គត់ផ្គង់ នៅតាមបណ្ដាមន្ទីរពេទ្យទូទាំងប្រទេស ដោយមិនឲ្យពលរដ្ឋ បង់ថ្លៃសេវាឡើយ ដោយរដ្ឋជាអ្នករ៉ាប់រងទាំងអស់។
សូមរំលឹកថា ឆ្នាំ២០១៧ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលអំណោយឈាមចំនួន ៧៦៥១១ប្លោក នៅទូទាំងប្រទេស ។ ដោយឡែកនៅឆ្នាំ២០១៨នេះ អំណោយឈាមដែលទទួល និងផ្គត់ផ្គង់ឱ្យអ្នកជម្ងឺចំនួន ៨៣៩៨៤ប្លោក នៅទូទាំងប្រទេស ក្នុងនោះ នៅមជ្ឈមណ្ឌលជាតិភ្នំពេញ មានរហូតដល់ ៥៨៣៧៩ប្លោក៕