(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញពីផ្លូវជាតិលេខ៥ និងលេខ៦ ហើយមានបំណងចង់បន្តធ្វើដំណើរទៅលេងបុណ្យសមុទ្រ ក្នុងខេត្តកោះកុង អាចធ្វើដំណើរវាងតាមផ្លូវទំនប់កប់ស្រូវ (ឆ្លងកាត់ស្ពានលីយ៉ុងផាត់) ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ នៅក្នុងក្រុង និងជាពិសេសរង្វង់មូលចោមចៅ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៥ និងលេខ៦ អាចធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវបាន ដើម្បីឆ្ពោះទៅកាន់ ខេត្តកោះកុង ចូលរួមពិធីបុណ្យសមុទ្ររៀបចំឡើងនៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ពីព្រោះផ្លូវទំនប់កប់ស្រូវនេះ គឺមានភាពទូលាយ ងាយស្រួលធ្វើដំណើរ ចៀសវាងបងប្អូនកកស្ទះ នៅក្នុងក្រុង និងម្តុំរង្វង់មូលចោមចៅ។
សូមជម្រាបថា បុណ្យសមុទ្រ នឹងត្រូវរៀបចំឡើងនៅខេត្តកោះកុង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» ដែលជាឱកាសដែលបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមទាំងទស្សនាកម្សាន្តច្រើន ខណៈដែលបុណ្យឆ្លងឆ្នាំសកល នឹងចូលមកដល់នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។
ជាមួយគ្នានោះ នៅក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋខ្មែរដែលនឹងទៅលេងបុណ្យសមុទ្រ ក្នុងរយៈពេល៣ថ្ងៃ ក៏អាចឆ្លងទៅលេងដល់ខេត្តត្រាត ប្រទេសថៃបានដែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរទៅជាមួយប៉ុណ្ណោះ ហើយបើចង់បើករថយន្តចូលខ្លួនឯង ត្រូវមានប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ។ បើមានក្មេងតូចៗ ទៅជាមួយត្រូវយករូបថតទៅផង ពោលគឺមិនចាំបាច់មានលិខិត ឆ្លងដែនក៏បាន (តែបើមានលិខិតឆ្លងដែន Passport ក៏គួរយកតាមផង កាន់តែងាយស្រួល)៕