Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ណាគារអន្តរជាតិ IBC បើកសម្ពោធសាខាទី៨ នៅក្នុងខណ្ឌទួលគោក ដើម្បីឆ្លើយតបតម្រូវការអតិថិជន

13-12-2018 12:49

(ភ្នំពេញ)៖ បណ្ណាគារអន្តរជាតិ IBC បានបើកសម្ពោធសាខាថ្មី IBC ទួលគោក (សាខាទី៨) ស្ថិតនៅផ្ទះលេខ៧៤ ផ្លូវ៥៩៨ ខណ្ឌទួលគោក (ចំងាយពីផ្លូវរថភ្លើង៥០០ម៉ែត្រ) ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជនជាតិ និងអន្តរជាតិ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីនេះ លោក សុខ ឆាយ អគ្គនាយកបណ្ណាគារអន្តរជាតិ IBC បានថ្លែងថា ដោយមើលឃើញសេដ្ឋកិច្ចកម្ពុជា មានការរីកដុះដាល ហើយការរស់នៅរបស់ប្រជាពលរដ្ឋ រស់នៅតាមជាយក្រុង កាន់តែមានច្រើន ដូចនេះយើងចង់ផ្តល់សេវា កាន់តែងាយស្រួលជូនអតិថិជន ដោយមិនចំាបាច់ចំណាយពេលវេលាច្រើន ទៅរកទិញសម្ភារសិក្សា និងផលិតផ្សេងទៀត នៅក្នុងទីក្រុងដូចមុនៗ។

លោក សុខ ឆាយ បានបញ្ជាក់ទៀតថា បណ្ណាគារអន្តរជាតិ IBC នៅក្នុងទីក្រុងមានដល់៥ទីតំាង អាចផ្គត់ផ្គង់គ្រប់គ្រាន់ជូនអតិថិជន។ ដូចនេះយើងបង្វែរទិសដៅមកកាន់ជាយក្រុង បើទោះបីចំនួនអតិថជន សព្វថ្ងៃមានចំនួនតិច ប៉ុន្តែនៅថ្ងៃអនាគត យើងសង្ឃឹមថា អតិថិជនមានច្រើនដូចនៅសាខាក្នុងទីក្រុងដូចគ្នា។

អគ្គនាយកបណ្ណាគារអន្តរជាតិ IBC បានបន្ថែមទៀតថា បណ្ណាគារអន្តរជាតិ IBC ជាបណ្ណាគារដែលបើកមុនគេនៅកម្ពុជា ហើយគិតមកដល់សព្វថ្ងៃនេះ មានរយៈពេលប្រហែល២៥ឆ្នំា ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងអភិវឌ្ឍន៍សិក្សាអប់រំ ដោយបណ្ណាគារប្រមូលផ្តុំ ទៅដោយសម្ភារសិក្សា ក្បូនខ្នាតសិក្សាជាច្រើន សម្រាប់ផ្តល់ជូនពលរដ្ឋកម្ពុជាបង្កើនចំណេះដឹង ដែលធ្វើឲ្យកម្ពុជាកាន់តែសំបូរ ទៅដោយធនធានមនុស្ស។

បើតាមលោក សុខ ឆាយ បណ្ណាគារអន្តរជាតិ IBC មានលក់សៀវភៅ នៅក្នុងស្រុកមានជិត៨០% ព្រោះសៀវភៅបោះពុម្ពនៅក្នុងស្រុក ងាយស្រួលអានហើយច្បាស់ល្អ។ គិតដល់គុណភាព សូមគិតដល់បណ្ណាគារអន្តរជាតិ IBC។ រាល់ការទិញទំនិញ នៅបណ្ណាគារអន្តរជាតិ IBC ចាប់ពី១០ដុល្លារ នឹងទទួលបាន COUPON ២ដុល្លារភ្លាមៗ ដែលកម្មវិធីនេះ មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃ១២ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨៕