(ក្រុងម៉ាក្កះ)៖ ឆ្លៀតក្នុងកំឡុងពេលសន្និសីទអន្តរជាតិ នៅទីក្រុងម៉ាក្កះនេះផងដែរនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោក យូសូហ្វ អាល់អូស្សៃមិន អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការឥស្លាម OIC។
លោកទេសរដ្ឋមន្ត្រី បន្ទាប់ពីបានជម្រាបពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា លោកបានពិភាក្សា និងស្នើទៅ OIC សម្របសម្រួល នូវការសម្រេចបានការដាក់បញ្ចូលកម្ពុជា ទៅជាសមាជិកសង្កេតការណ៍របស់អង្គការនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០២-០០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។
អគ្គលេខាធិការអង្គការ OIC បានជម្រាបពីការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលមានលក្ខណៈសម្បត្តិល្អឥតខ្ចោះ ក្នុងភាពជាសមាជិកសង្កេតការ។ ក្នុងករណីនេះ លោកនឹងដើរតួនាទីក្នុងការសម្របសម្រួលឲ្យបញ្ចូលប្រធានបទនេះ ទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ២០១៩នេះ ព្រមទាំងនៅតែរក្សាជានិច្ចនូវគោលជំហរគាំទ្រ បេក្ខភាពកម្ពុជា។
គួរបញ្ជាក់ថា OIC ជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ ដែលមានសមាជិកជាប្រទេសឥស្លាម ៥៧ប្រទេស។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏បានជួបពិភាក្សាការងារជាមួយ លោក មហាំម៉ាត់ អាលី រ៉ស៊ីទ ប្រធានក្រុមប្រឹក្សាពិភពលោក សម្រាប់សហគមន៍មុស្លិមភាគតិច ដែលមានមូលដ្ឋាននៅ ប្រទេសអារ៉ាប់រួមអេមីរ៉ាតផងដែរ។
លោកប្រធានក្រុមប្រឹក្សាបានសម្តែងការសប្បាយរីករាយ ដល់សហគមន៍មុស្លិមនៅកម្ពុជា ដែលបានកំពុងរួមរស់ ក្រោមម្លប់សន្តិភាព និងគោលនយោបាយសុខដុមបនីយកម្ម ការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
បន្ទាប់ពីបានពិភាក្សាលើការគ្រោងរៀបចំសន្និសីទអន្តរជាតិខាងលើរួច ភាគីទាំងពីរបានបន្តកិច្ចពិភាក្សាលើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យនានា ក្នុងនោះក៏មានវិស័យអប់រំ និងកិច្ចការឥស្លាមផងដែរ៕