(កោះកុង)៖ ដើម្បីហេដ្ឋារចនាសម្ព័ន្ធ កែលម្អនៅតាមដងផ្លូវសាធារណៈ និងឆ្នេរស្អាត និងដើម្បីចក្ខុវិស័យលើវិស័យទេសចរណ៍ ទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ក្នុងដំណើរកម្សាន្ត ក្នុងពិធីអបអរសាទរបុណ្យសមុទ្រ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់ទាំង៣ប្រភេទ សិស្សានុសិស្សចុះធ្វើអនាម័យ ថែរក្សាបរិស្ថាន។
លោក ហាក់ ឡេង បានថ្លែងថា ដើម្បីអបអរពិធីបុណ្យសមុទ្រ និងប្រឡងប្រណាំងឆ្នេរស្អាត ទាំងអាជីវករ ទាំងប្រជាពលរដ្ឋ សូមចូលរួមថែរក្សាបរិស្ថាន តាមដងផ្លូវសាធារណៈ លើឆ្នេរដ៏ស្រស់ស្អាតនេះ ដើម្បីលើកម្ពស់ផ្នែកវិស័យទេសចរណ៍ និងទាក់ទាញទេសចរជាតិ អន្តរជាតិ ចូលមកកម្សាន្ត ឲ្យបានច្រើន និងមានផាកសុខភាពទៀតផង។
លោកបានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋចូលរួមធ្វើអនាម័យ ថែរក្សាបរិស្ថានឲ្យបានគ្រប់ៗគ្នា ព្រោះការថែរក្សាអនាម័យបរិស្ថាន វាមានសារៈសំខាន់ណាស់ ទាំងសុខភាព ទាំងវិស័យទេសចរណ៍។
លោកថា បើខេត្ត ស្រុក មានសោភណ្ឌភាពល្អ ភ្ញៀវជាតិ អន្តរជាតិ ចូលមកកម្សាន្តច្រើន ប្រជាពលរដ្ឋក៏អាចកាត់បន្ថយ នូវភាពក្រីក្របានមួយកម្រិត។ ហេតុដូច្នេះហើយ សូមបងប្អូនចូលរួមថែរក្សា និងធ្វើអនាម័យបរិស្ថាន នៅតាមដងផ្លូវ ឆ្នេរ លំនៅដ្ឋាន ត្រូវវិចខ្ចប់ដាក់ទុកសំរាមឲ្យបានត្រឹមត្រូវ ដើម្បីទុកឲ្យក្រុមការងារ ដឹកយកទៅចោល នៅទីលានចាក់សំរាម ឬក៏បងប្អូនដុតកម្ទេចចោល។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ក្នុងការចូលរួម អបអរពិធីបុណ្យសមុទ្រ៕