(ក្រុងម៉ាក្កះ-អារ៉ាប់ប៊ីសាអូឌីត)៖ ថ្លែងទៅកាន់លោក មហាំម៉ាត់សឡេស បាន់តាន់ រដ្ឋមន្រ្តីក្រសួងហាជ្ជ និងអ៊ុរ៉ោះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអន្តរជាតិ នៅទីក្រុងម៉ាក្កះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានជម្រាបអំពីសុខសន្តិភាព សុខដុមបនីយកម្មរបស់កម្ពុជា និងជម្រាបអំពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍រីកចម្រើន និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា ជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង ជាបន្តបន្ទាប់ ដែលករណីនេះពិតណាស់ គឺលទ្ធភាពនៃការដែលអាចឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាសាសនិកឥស្លាម អញ្ជើញទៅប្រារព្ធពិធីបុណ្យហាជ្ជ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត អាចនឹងមានការកើនចំនួនជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។
កត្ដាទាំងអស់នេះហើយ ទើបលោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានស្នើឲ្យក្រសួងហាជ្ជ បន្តអនុគ្រោះលើលក្ខខណ្ឌកំណត់ចំនួនកូតាពីកម្ពុជា និងការសម្រួលដល់ ការទទួលបានទិដ្ឋការ ដល់ក្រុមហ៊ុនដែលស្នើសុំដឹកនាំភ្ញៀវទៅបំពេញភារកិច្ចហាជ្ជផងដែរ។
លោករដ្ឋមន្ត្រីក្រសួងហាជ្ជ និងអ៊ុរ៉ោះ បន្ទាប់ពីស្វាគមន៍វត្តមានរបស់ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការរ៉ាពីតោះ (Rabita) មកកាន់សន្និសីទ អន្តរជាតិនោះ លោកក៏បានទទួលយកចំពោះសំណើខាងលើ ហើយនឹងសម្រួលដល់លក្ខខណ្ឌផ្សេងៗ ដើម្បីបង្កភាពងាយស្រួល ដល់ដំណើរការចេញដំណើររបស់ខ្មែរឥស្លាម ទៅកាន់ទីតាំងប្រារព្ធពិធីបុណ្យហាជ្ជ។
គួរបញ្ជាក់ថា ក្រោមការសម្របសម្រួលពី លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងហាជ្ជ និងអ៊ុរ៉ោះ សម្រាប់ការប្រារព្ធពិធីបុណ្យហាជ្ជ ឆ្នាំ២០១៨ ដែលកន្លងទៅនេះ សាសនិកឥស្លាមពីកម្ពុជា ក៏ដូចជាក្រុមហ៊ុនអ្នកដឹកនាំភ្ញៀវហាជ្ជ គឺបានប្រព្រឹត្តិទៅដោយរលូន មិនមានលក្ខខណ្ឌកំណត់ចំនួនកូតា ហើយចំនួនអ្នកអញ្ជើញប្រារព្ធពិធីបុណ្យហាជ្ជនេះកើនឡើងដល់ទៅ១,០០៨នាក់៕