(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ តាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលឆ្លៀតឱកាស ពេលម្ចាស់ផ្ទះទៅធ្វើការបាត់ផងនោះ បានចូលទៅគាស់ទ្វារបន្ទប់លួចយកម៉ូតូ១គ្រឿងបានសម្រេច ហើយរត់គេចខ្លួនបានត្រឹមរយៈពេល១អាទិត្យប៉ុណ្ណោះ។
បើតាមលោកអធិការនគរបាលខណ្ឌឫស្សីកែវ ការឃាត់ខ្លួនជនសង្ស័យ ជាចោរលួចម៉ូតូម្នាក់ ខណៈបក្ខពួក២នាក់ផ្សេងទៀត កំពុងរត់គេចខ្លួនខាងលើនេះ គឺបានបន្តស៊ើបអង្កេតឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹង កាលពីថ្ងៃទី០៥កន្លងទៅ រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨របស់ជនរងគ្រោះឈ្មោះ ទូច ម៉ាថេង អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុលេខ១៧ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
លោកអធិការបន្តថា ជនសង្ស័យឃាត់ខ្លួនបានក្នុងអំពើលួច មានស្ថានទម្ងន់ទោស មានឈ្មោះ ញ៉ែម ហៃ ហៅហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានសារធាតុញៀនក្នុងខ្លួន។
លោក គល់ យី បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យដើម្បីយកមកធ្វើការសាកសួប៉ុន្មានម៉ោងក្រោយ គេបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានធ្វើសកម្មភាព ជាមួយបក្ខពួក២នាក់ទៀត ដើម្បីគាស់ទ្វារបន្ទប់លួចយកម៉ូតូ១គ្រឿងម៉ាកហុងដា FTR ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1CK-4130 ប្រាកដមែន នៅខណៈដែលជនរងគ្រោះចេញទៅធ្វើការបាត់ នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។
លោកបន្ដទៀតថា ទោះបីជនសង្ស័យបច្ចុប្បន្ន ស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធីពិតមែន តែសកម្មភាពរបស់កម្លាំងសមត្ថកិច្ចកំពុងបន្តតាមស្រាវជ្រាវស្វែងរកបក្ខពួកដែលនៅសេសសល់ ដើម្បីឃាត់ខ្លួនយកមកផ្ដន្ទាទោសទៅតាមច្បាប់៕