(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម» ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃក្រសួងស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល, រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគ្រប់តំណាងអង្គភាពថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្លែងក្នុងពិធីនេះ លោកបណ្ឌិតសភាចារ្យ បានបង្ហាញពីការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានផ្តោតសំខាន់លើចំណុចស្នូលចំនួនពីរគឺ៖ (១)- ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង (២)- ការអភិវឌ្ឍវិស័យឯកជន តាមរយៈការពង្រឹងការវិនិយោគនិងធុរកិច្ច, ការអភិវឌ្ឍឧស្សាហកម្មនិងសហគ្រាសធុនតូចនិងមធ្យម, ការអភិវឌ្ឍទីផ្សារការងារ និងការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ។
ជាក់ស្តែងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានកំណត់យ៉ាងច្បាស់ថា «ការអភិវឌ្ឍវិស័យឯកជន នៅតែបន្តជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងអភិក្រមអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ និងមានតួនាទីគន្លឹះ ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។ ក្នុងន័យនេះការរៀបចំគោលនយោបាយជាតិ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាប្រទេសជាតិទាំងមូល ពុំអាចមើលរំលងវិស័យឯកជនបានឡើយ។
ទន្ទឹមនេះលោកបណ្ឌិតសភាចារ្យ ក៏បានលើកឡើងបន្ថែមថា ការអភិវឌ្ឍវិស័យឯកជន ត្រូវការជាចាំបាច់ និងមិនអាចខ្វះបាននូវ «យន្តការនិងប្រព័ន្ធនៃការគ្រប់គ្រងហិរញ្ញវត្ថុច្បាស់លាស់» ដើម្បីពង្រឹងប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុឯកជន។ ក្នុងនោះការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍវិស័យឯកជនមួយផ្នែកធំ គឺបានផ្តល់ផលមកវិញតាមការប្រមូលពន្ធ និង ការទទួលបាននូវបច្ចេកវិទ្យាថ្មីៗ។
ក្នុងន័យនេះ ការកសាងមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងវិស័យគណនេយ្យនិងសវនកម្ម គឺមានភាពចាំបាច់បំផុត ព្រោះថាការប្រមូលពន្ធ ត្រូវបានធ្វើឡើងដោយផ្អែកលើបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាអង្គភាពមិនស្វែងរកចំណេញ។ ស្ថិតក្នុងបរិបទនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «យុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥» ដែលតម្រូវឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានក្រុមប្រឹក្សាជាតិគណនេយ្យ (ក.ជ.គ.) ជាសេនាធិការ បន្តពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋាគតិយុត្តនានាពាក់ព័ន្ធគណនេយ្យនិងសវនកម្ម ព្រមទាំងបន្តពង្រឹងនិងពង្រីកសមត្ថភាពរបស់មន្ត្រី ដើម្បីពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធគណនេយ្យនិងសវនកម្ម និងដើម្បីសម្របខ្លួនឱ្យទាន់ការវិវឌ្ឍនៃវិស័យនេះ ទាំងក្នុងតំបន់ និងសកលលោក។
លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា «ដើម្បីឱ្យការគ្រប់គ្រង និងការប្រកបអាជីវកម្មក្នុងវិស័យឯកជន បំពេញមុខងារជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ លុះត្រាតែកាតព្វកិច្ចគណនេយ្យនិងការធ្វើសវនកម្ម ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ព្រោះថាការអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្មបានត្រឹមត្រូវ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុននិងសហគ្រាស ជាអាទិ៍ ការផ្តល់នូវព័ត៌មានហិរញ្ញវត្ថុប្រកប ដោយភាពគ្រប់ជ្រុងជ្រោយនិងសុក្រឹតភាព សម្រាប់ការសម្រេចចិត្តពាក់ព័ន្ធការប្រកបអាជីវកម្ម ព្រមទាំងធានាបាននូវអនុលោមភាពពេញលេញជាមួយបទប្បញ្ញត្តិច្បាប់ ជាពិសេសក្នុងវិស័យមូលបត្រ ធានារ៉ាប់រង ធនាគារ និងសារពើពន្ធ។ កាតព្វកិច្ចគណនេយ្យនិងការធ្វើសវនកម្មខាងលើ អាចអនុវត្តប្រកបដោយប្រសិទ្ធភាពបាន លុះត្រាតែត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌគតិយុត្តមួយ ប្រកបដោយនីត្យានុកូលភាព និងគតិយុត្តភាព»។
លោកបានបន្ថែមថា ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ ប្រមូលផ្តុំ និងបោះពុម្ពផ្សាយ «កម្រង សម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម» ដោយអនុវត្តតាមឧត្តមានុវត្តន៍នៃវិធីសាស្រ្ត «ក្រមនីយកម្ម» សម្រាប់ប្រើប្រាស់ធានាអនុលោមភាព នៃការអនុវត្តកាតព្វកិច្ចចុះបញ្ជិកាគណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការធ្វើសវនកម្មឯករាជ្យ។
លើសពីនេះ កម្រងសម្រង់នេះ នឹងក្លាយជា «ឧបករណ៍ការងារគាំទ្រដល់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផង និងគាំទ្រដល់ការអនុវត្តវិជ្ជាជីវៈគណនេយ្យនិងសវនកម្មផង» ដែលនឹងបម្រើជាគុណប្រយោជន៍ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមប្រឹក្សាជាតិគណនេយ្យ និងវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនកម្មកម្ពុជា ក្នុងការអនុវត្តនូវមុខងារនិងភារកិច្ចបច្ចុប្បន្នរបស់ខ្លួន ដែលពាក់ព័ន្ធការងារគ្រប់គ្រង ដាក់ឱ្យអនុវត្តក្រមសីលធម៌ និងស្តង់ដារគណនេយ្យនិងសវនកម្ម ការត្រួតពិនិត្យបញ្ជីគណនេយ្យនិងការធ្វើសវនកម្ម ព្រមទាំងការជំរុញអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា៕