Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តប៉ៃលិន ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពិនិត្យ និងព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋដោយ​ឥត​គិតថ្លៃ

13-12-2018 11:11

(ប៉ៃលិន)៖ ចាប់ពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ធូ ភា អភិបាលរងខេត្ត បានអញ្ជើញពិនិត្យមើលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា ដែលមកពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិន រយៈពេល៣ថ្ងៃ នៅវត្តរតនៈសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

នាឱកាសនោះ លោក ផាន់ ចាន់ធុល បាន​កោត​សសើរ និងថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់​សុខ​មាល​ភាព​ប្រជាពលរដ្ឋ នៅ​ខេត្តប៉ៃលិន ព្រោះបច្ចុប្បន្ននេះនៅ​ខេត្តប៉ៃលិន មាន​ការខ្វះ​ខាតនៅផ្នែកបច្ចេកទេស និងសម្ភារមិនទាន់ទំនើបសំបូរបែបនៅឡើយ ដូច្នេះ​នៅ​​​​​ពេលនេះបានក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ជួយព្យាបាលដល់​ប្រជាពលរដ្ឋ គឺជាការជួយសម្រួល​នូវ​បន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

លោកអភិបាលខេត្ត បានបន្តថា សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខមាលភាព របស់ប្រជាពលរដ្ឋ ដូច្នេះលោកក៏បានសំណូមពរ ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងក្រុមការងារសហការទាំងអស់ បន្តសកម្មភាពរបស់ខ្លួន ក្នុងការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន បន្ថែមទៀត។

សូមបញ្ជាក់ថា៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា បានពិនិត្យ និងព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដោយឥតគិតថ្លៃ ចំនួន៤០៥នាក់ ក្នុងនោះ ស្រី២០៦នាក់ ប្រុស ១៣២នាក់ ក្មេង ៦១នាក់ និងព្រះសង្ឃ០៦អង្គ៕