(ភ្នំពេញ)៖ ជនជាតិជប៉ុនម្នាក់ ឈ្មោះ ខេន ជីអូកា ភេទប្រុស មុខរបរប្រធានក្រុមហ៊ុន (4day) ស្នាក់នៅក្រុមហ៊ុនផ្ទះលេខ20E០ ផ្លូវបេតុង ក្រុមទី៣ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនជាតិខ្មែរម្នាក់ នៅក្នុងបូរីពិភពថ្មី ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដើម្បីនាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចខណ្ឌ ក្នុងការសាកសួរពាក់ព័ន្ធរឿង លួចម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង និងសម្ភារក្នុងការិយាល័យមួយចំនួនរបស់ក្រុមហ៊ុន ដែលបានកើតហេតុឡើងកាលពីយប់ថ្ងៃទី០១ ខែធ្នូ ពោលកាលពី១១ថ្ងៃមុនមកម្លេះ។ នេះបើតាមការបញ្ជាក់ឲ្យបានដឹង នៅក្នុងរបាយការណ៍ របស់លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ។
លោកអធិការ គល់ យី បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ុក សុភក្រ្តា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន (4day) ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរប៉ុន្មានម៉ោងក្រោយ បានរកឃើញដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាគ្លីច ពណ៌ស សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ1GK-6023 និងទូរស័ព្ទ១គ្រឿង ម៉ាកiPhone7 ដើម្បីប្រគល់ជូនជនរងគ្រោះជាជនជាតិជប៉ុនវិញ បណ្តោះអាសន្នផងដែរ។
នៅមុនពេលកើតហេតុ តាមដំណើររឿង ជនសង្ស័យបានចូលបម្រើការងារជាបុគ្គលិកក្រុមហ៊ុន 4day តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លុះមកដល់ថ្ងៃទី២៥ ខែឆ្នាំដដែលនេះ ជនជាតិជប៉ុនរងគ្រោះ ជាប្រធានក្រុមហ៊ុន បានឲ្យសោរការិយាល័យក្រុមហ៊ុនទៅជនសង្ស័យកាន់ ព្រោះគាត់ (ជនរងគ្រោះ) ត្រូវទៅប្រទេសជប៉ុនមួយរយៈ ស្របពេលដែលជនសង្ស័យកំពុងតែចាញ់ល្បែង និងជុំពាក់បំណុលគេផងនោះ ទើបក្លាយទៅជាឱកាសល្អ សម្រាប់លួចយកម៉ូតូ១គ្រឿង ទូរស័ព្ទ និងសម្ភារក្នុងការិយាល័យខាងលើ ហើយរត់គេចខ្លួនបាត់រហូតមកដល់ថ្ងៃទី១២នេះ ឈានដល់ការឃាត់ខ្លួនតែម្ដង។
លោកអធិការខណ្ឌ បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធរឿងលួចម៉ូតូ ទូរស័ព្ទ និងសម្ភារផ្សេងៗរបស់ជនជាតិជប៉ុន បាននិងកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕