(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឲ្យដឹងថា កម្លាំងអធិការដ្ឋានខណ្ឌ និងបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ ទៅតុលាការ ដើម្បីអនុវត្តនីតិវិធី ក្រោយពីបង្ក្រាបឃាត់ខ្លួនពួកគេបានក្នុងបទល្មើសលួចទូរស័ព្ទ និងប្រើប្រាស់គ្រឿងញៀន៣គោលដៅ និង៣ករណីផ្សេងគ្នា នៅក្នុងប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់បង្ក្រាបជាក់ស្ដែង។
លោកបន្តថា ជនសង្ស័យទាំងនោះទី១៖ឈ្មោះ យិន សុធី ហៅម៉េក អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៥ ក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន), ទី២៖ឈ្មោះ ស៊ុប ស្កាហ្វា អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ (ជាអ្នកប្រើប្រាស់), ទី៣៖ឈ្មោះ ពេជ្យ ផាន់ណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូ ស្នាក់នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឋសែនសុខ (ជាអ្នកប្រើប្រាស់) និងទី៤៖ឈ្មោះ គង់ លុយ អាយុ២៣ឆ្នាំស្នាក់នៅភូមិអូឆ្លាត ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាល។
លោកអធិការខណ្ឌថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះដែរ គឺបានធ្វើឡើងចំនួន៣គោលដៅ ដោយក្នុងនោះទី១៖នៅត្រង់ចំណុចផ្ទះលេខ១៦៥ ក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ, ទី២៖នៅត្រង់ចំណុចក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងទី៣៖នៅត្រង់ចំណុចក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតភ្លាមៗ កាលពីព្រឹកថ្ងៃទី១០ រហូតមកដល់រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីនាំខ្លួនពួកគេទាំងនោះ មកសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕