(ភ្នំពេញ)៖ ក្រោយពីចុះត្រួតពិនិត្យជាក់ស្ដែងសង្កេតឃើញស្ថានភាពផ្លូវបេតុង១ខ្សែ ក្បែរអាងទឹកគីឡូត៍ម៉ែត្រលេខ៧ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ កើតមានជង្ហុគតូចធំ ជាសំបុកមាន់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានណែនាំឲ្យសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ នាំយកសម្ភារសំណង់ ខ្សាច់ ថ្មគ្រោះ ទៅធ្វើការជួសជុលឡើងវិញភ្លាមៗ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរចេញចូលលំនៅដ្ឋានរកស៊ីទទួលទាន និងអាចបង្ការទប់ស្កាត់ កុំឲ្យខូចខាតកាន់តែធ្ងន់ធ្ងរជាងនេះ។
លោក ជា ពិសី បានឲ្យដឹងថា ការចាក់ក្រាលធ្វើផ្លូវជាបេតុង ក៏ដូចជាចាក់លប់បំបាត់ជង្ហុគតូចធំ ជាសំបុកមាន់ គឺត្រូវបានធ្វើឡើង និងដោះស្រាយជាជំហ៊ានៗ និងបន្តធ្វើឥឈប់ឈរឡើយ បើទោះជាអាជ្ញាធរមិនទាន់ទទួលបានការស្នើ ឫជាសំណូមពរ ពីប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែជាសេវាតម្រូវការចាំបាច់នៅចំពោះមុខមួយ ដែលក្នុងនាមអាជ្ញាធរ ត្រូវមានវិធានការជួសជុលបណ្ដោះអាសន្ន ដើម្បីបង្ការទប់ស្កាត់ កុំឲ្យខូចខាតកាន់តែធ្ងន់ធ្ងរជាងនេះ ហើយអាចធ្វើឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូលលំនៅដ្ឋានរកស៊ីទទួលទាន។
លោក ជា ពិសី បន្ដថាក្នុងនាមអាជ្ញាធរ ទាំងសង្កាត់-ភូមិ ចាំបាច់ណាស់ គឺការលះបង់ទាំងកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជាសេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋាន ដូចជាបញ្ហាផ្លូវ បញ្ហាកកស្ទះប្រព័ន្ធលូជាដើម ដើម្បីឆ្លើយតបភ្លាមៗ ឲ្យទាន់សភាពការណ៍ ដោយពុំបានគិតពីពេលវេលា និងគ្មានលក្ខខណ្ឌឡើយ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានដាក់ចេញថា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» ពីព្រោះ «មន្ត្រីមិនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋឡើយ» ផ្ទុយទៅវិញ «មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»៕