(ភ្នំពេញ)៖ ស្ត្រីស្រស់ស្អាតម្នាក់ស្រវឹងស្រាជោគជាំ បានបើករថយន្តស៊េរីទំនើប ទៅបុកគូទរថយន្តប្រមូលសំរាមស៊ិនទ្រីពីក្រោយ បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតយ៉ាងដំណំ និងអ្នកប្រមូលសំរាមម្នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលទីតាំងកើតហេតុស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង១យប់ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-9595 ដែលបើកបរដោយស្ត្រីម្នាក់ស្រវឹងស្រាជោគជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចជិតស្ថានីយប្រេងសូគីមិច រថយន្តខាងលើបានរេចង្កូតជ្រុលទៅបុកគូទរថយន្តស៊ិនទ្រី ដែលកំពុងឈប់ប្រមូលសំរាម ចំហៀងខាងស្ដាំបណ្ដាយឲ្យបុគ្គលិកស៊ិនទ្រីម្នាក់ បានបោកផ្ទប់ទៅនឹងរថយន្តយរងរបួសធ្ងន់។ ចំណែកឯរថយន្តបង្កវិញបានក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើងរងការខូចខាតរថយន្តស្ទើរតែទាំងស្រុង តែសំណាងល្អអ្នកបើកបរមិនរងរបួសឡើយ។
ភ្លាមៗនោះបុគ្គលិកស៊ីនទ្រីម្នាក់ ដែលរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះបន្ទាន់យកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរចារណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕