(ថៃ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូស៊ីម៉ាក់ ប្រជុំជាមួយឧត្តមសេនីយ៍ឯក Sittipol Nimnuan អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីពិភាក្សា ស្តីអំពីការកំណត់ជ្រើសរើសចំការមីន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស តាមបណ្តោយព្រំដែន ស្របតាមកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរ បានឯកភាពគ្នាជាជំហ៊ានៗ ក្នុងបោសសំអាតមីនលើទឹកដីរៀងៗខ្លួន ដោយមានការចូលរួមពីលេខាធិការដ្ឋាន GBC ។ ភាគីទាំង២ ក៏បានសន្យាជួបប្រជុំពិភាក្សាគ្នានៅលើកក្រោយៗទៀត ដើម្បីអនុវត្តន៍ការងារ ដែលរាជរដ្ឋាភិបាល នៃប្រទេសទាំង២បានកំណត់ ឲ្យមានប្រសិទ្ធភាព។
លោក ហេង រតនា បានបញ្ជាក់ថា នៅក្នុងជំនួបនេះ CMAC និង TMAC បានបង្ហាញការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបោសសំអាតមីន រវាងអង្គភាពទាំងពីរ ជាពិសេសការបោសសំអាតមីនតាមព្រំដែនកម្ពុជា-ថៃ ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេស និងតំបន់នានានៅតាមបណ្តោយព្រំដែន ដោយអនុលោមទៅតាមស្មារតីកិច្ចប្រជុំ និងការសម្រេចរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
ក្រៅពីចូលរួមកិច្ចប្រជុំនោះដែរ លោក ហេង រតនា និងគណៈប្រតិភូស៊ីម៉ាក់ ក៏បានជួបជាមួយ លោក Hans Brattskar ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍ប្រទេសន័រវេស ប្រចាំនៅអង្គការសហប្រជាជាតិ អមដំណើរដោយលោកស្រីឯកអគ្គរដ្ឋទូតន័រវេសប្រចាំទីក្រុងបាងកក ទទួលបន្ទុកកុងស៊ុលកម្ពុជា បានរួមគ្នាធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យអារញ្ញប្រាថេន ប្រទេសថៃ ព្រមទាំងស្វែងយល់ពីការធ្វើជើងសិប្បនិមិត្ត នៅក្នុងមន្ទីរពេទ្យនេះផងដែរ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅមន្ទីរពេទ្យអារញ្ញប្រាថេន លោកអគ្គរដ្ឋទូតន័រវេសប្រចាំនៅទីក្រុងសឺណែវ ប្រទេសស្វីស និងគណៈប្រតិភូបានអញ្ជើញធ្វើដំណើរមកទឹកដីកម្ពុជា ទស្សនាចំការមីន ដែលស្ថិតនៅស្រុម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងបន្តអញ្ជើញធ្វើទស្សនកិច្ចនៅសារមន្ទីរសន្តិភាពស៊ីម៉ាក់ នៅខេត្តសៀមរាបផងដែរ នាថ្ងៃស្អែក។
សូមបញ្ជាក់ផងដែរថា ការបោសសំអាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានប្រគល់ភារកិច្ចដោយរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ឲ្យអង្គភាព TMAC និងអង្គភាព CMAC អនុវត្តជាសេនាធិការជូនគណ:កម្មការព្រំដែនទូទៅកម្ពុជា-ថៃ។ អង្គភាពទាំង២ នឹងបន្តខិតខំអនុវត្តឲ្យបានល្អ ទៅតាមស្មារតីកិច្ចសហប្រតិបតិ្តការ ដែលរាជរដ្ឋាភិបាលប្រគល់ឲ្យដើម្បីសម្រេចឲ្យនូវការងារដែលរដ្ឋាភិបាលនៃប្រទេសទាំង២ប្រគល់ជូននោះ អង្គភាពដោះមីនទាំង២ រៀបចំនូវផែនការរួមគ្នាមួយ ក្នុងការបោសសំអាតមីនតាមបណ្តាយព្រំដែននៃប្រទេសរៀងៗខ្លួន។
យោងតាមអនុសញ្ញាអូតាវ៉ា ប្រទេសថៃគ្រោងនឹងសម្រេចឲ្យបាននូវការបោតសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៣ ខណៈកម្ពុជាកំណត់ឲ្យដោះគ្រាប់មីន ប្រឆាំងមនុស្សឲ្យអស់នៅឆ្នាំ២០២៥៕