Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: លោក គង់ គាំ ប្រកាសគាំទ្រការធ្វើវិសោធនកម្មច្បាប់ ដើម្បីបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិធ្វើនយោបាយឡើងវិញ (Video inside)

12-12-2018 20:19

(ភ្នំពេញ)៖ ទន្ទឹមនឹងរដ្ឋសភារៀបចំអនុម័ត សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយនោះ លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានប្រកាសគាំទ្រនូវការរៀបចំវិសោធនកម្មច្បាប់នេះ ដើម្បីបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។

លោក គង់ គាំ បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍យ៉ាងដូច្នេះថា៖ «ការដែលធ្វើវិសោធនកម្មច្បាប់មាត្រា៤៥ស្ទួននេះ ដែលបើកផ្លូវឱ្យមានការលើកបម្រាមធ្វើនយោបាយ អ្នកជាប់បម្រាមពិសេសអតីត CNRP ខ្ញុំថា ខ្ញុំអបអរ ខ្ញុំស្វាគមន៍ដើម្បីធ្វើឱ្យអ្នកនយោបាយ កាន់តែមានលំហរ សំដែងមតិ ឬក៏ទទួលបានយុត្តិធម៌សំរាប់ការដែលខ្លួនធ្វើការតស៊ូមតិក្នុងផ្លូវនយោបាយ»

ការបង្ហាញការគាំទ្រនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានសម្រេចធ្វើការបោះឆ្នោតអនុម័ត សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ នៅក្នុងសម័យប្រជុំពេញអង្គ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ។ សេចក្តីស្នើច្បាប់ស្តីពីវិសោនកម្ម ច្បាប់គណបក្សនយោបាយ ត្រូវបានរៀបចំដោយតំណាងរាស្រ្តចំនួន៨៧រូប ដើម្បីកែប្រែនូវមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយ ពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»

ខាងក្រោមនេះជាការលើកឡើងរបស់ លោក គង់ គាំ នៅក្នុងកិច្ចសម្ភាស៖