(ភ្នំពេញ)៖ វិស័យអចលនវត្ថុនៅកម្ពុជា នឹងនៅបន្តកំណើនយ៉ាងលឿនទៅមុខទៀត ដោយសារវិនិយោគគិនធំៗ ចិន កូរ៉េ ជប៉ុន តៃវ៉ាន់ សិង្ហបុរី និងកម្ពុជា ហាក់មិនបានបង្ហាញនូវការរារែក ឬថមថយចំពោះការវិនិយោគនោះទេ ពិសេសគម្រោងធំៗ ទាំងអគារពាណិជ្ជកម្ម ផ្សារទំនើប ខុនដូទំនើប ឬបុរីដែលមានតម្លៃខ្ពស់ តម្លៃមធ្យម តម្លៃទាប នៅតែបន្តការសាងសង់ និងចេញលក់គម្រោងថ្មីជាបន្តបន្ទាប់។
ជាក់ស្តែងក្រុមហ៊ុនអចលនទ្រព្យ Century 21 Dream Property បាននិងកំពុងដំណើរការលើសេវាទិញ-លក់-ជួលអចលនវត្ថុ ចាប់តាំងពីឆ្នាំ២០១៥មក បច្ចុប្បន្ន មានការិយាល័យនៅក្នុងខណ្ឌសែនសុខ ជិតផ្សារទំនើបអ៊ីអន២ មានបុគ្គលិកបម្រីការងារជាង២០រូប ធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ ជាពិសេសតំបន់សែនសុខ ច្បារអំពៅ និងជ្រោយចង្វារ។
ដោយសារមើលឃើញពីសក្តានុពល ភាពមមាញឹកក្នុងការផ្តល់សេវានៅតំបន់ច្បារអំពៅ និងការធ្វើដំណើរត្រូវចំណាយពេលយូរ ដែលពីការិយាល័យសែនសុខ ទៅច្បារអំពៅចំណាយពេលចន្លោះពី១ម៉ោងទៅ១ម៉ោងកន្លះ និងដោយឈរលើទស្សនៈវិស័យ «ផ្តល់សេវាលឿន និងល្អបំផុត ប្រកបដោយទំនុកចិត្ត ផលចំណេញ និងគុណភាព ដល់អតិថិជន» Century 21 Dream Property គឺជា Franchise Office ដំបូងគេបង្អស់ដែលពង្រីកសាខា ហើយបានជ្រើសរើសយកសាខាទី១របស់ខ្លួន នៅក្នុងខណ្ឌច្បារអំពៅ។
ក្រុមហ៊ុន Century 21 Dream Property ជាមួយនឹងម៉ូដែលអាជីវកម្ម ដែលផ្តោតលើ Re-sale ផ្ទះ ក្នុងបុរី ហើយតំបន់ច្បារអំពៅ ជាពិសេស បុរីប៉េង ហ៊ួត បឹងស្នោបច្ចុប្បន្ន កំពុងមានប្រតិបត្តិការទិញលក់ច្រើន ហើយតំបន់ជុំវិញនោះ បាននឹងកំពុងក្លាយជាតំបន់ពាណិជ្ចកម្មយ៉ាងមមាញឹករួចទៅហើយ។
ផ្សារទំនើប Eco-Mall និងខុនដូ នៃបុរីប៉េង ហួតកំពុងសាងសង់ គឺដូចគ្នានឹងតំបន់សែនសុខ កាលពីឆ្នាំ២០១៦ ដូចនេះយើងអាចព្យាករណ៍ថា តម្លៃផ្ទះ នឹងនៅបន្តកើនឡើងទៀត នៅពេលដែលផ្សារទំនើបនេះសាងសង់រួច។ ការបើកសាខាថ្មីនេះ វាក៏ជាផ្នែកមួយនៃផែនការជាយុទ្ធសាស្រ្ត នៃការលើកទឹកចិត្តបុគ្គលិកឆ្នើម ឲ្យក្លាយជាអ្នកគ្រប់គ្រងសាខា។ ជាមួយនឹងទីតាំងសាខាថ្មីនេះ អាចពង្រីកតំបន់ប្រតិបត្តិការទូទាំងខណ្ឌ និងខណ្ឌនៅជិតនោះ រួមមានតំបន់ផ្លូវ៦០ម៉ែត្រ តំបន់ប៉ែកខាងកើតនិងខាងត្បូង។
ក្រៅពីលក់ផ្ទះ នៅក្នុងបុរីប៉េងហ៊ួត ក្រុមហ៊ុន ក៏ទទួលលក់ផ្ទះនៅក្នុងបុរីផ្សេងៗទៀត លក់ដី និងលក់គម្រោងផងដែរ។ ការរីកចម្រើននេះ ក៏មិនអាចកាត់ផ្តាច់ចេញពីកំណើនសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានជាង៧% ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។ កត្តាសំខាន់មួយទៀត គឺមានសេ្ថរភាពនយោបាយ សំបូរដោយយុវជនវ័យក្មេង និងពេញកម្លាំង ទីតាំងភូមិសាស្រ្ត នៅកណ្តាលអាស៊ាន ប្រទេសកំពុងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឥតឈប់ឈរ ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២ និងទី៣ និងផ្លូវសំខាន់ៗនានា ផ្លូវទំនប់កប់ស្រូវ ផ្លូវលេខ៥១ ការពង្រីកផ្លូវជាតិនានារួមមានផ្លូវជាតិលេខ២ លេខ៣ និងលេខ៥ ស្ពានឆ្លងទន្លេ ផ្លូវរថភ្លើង និងកំណើនប្រជាជនមកនៅទីក្រុងជាដើម ។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia លោក គុយ វ៉ាត បានថ្លែងថា ភាពខ្លាំងនៃក្រុមហ៊ុន Century21 Dream Property និងក្រុមគ្រួសារCentury21 ដោយសារពួកគេមានឱកាសទៅសិក្សានៅក្រៅប្រទេស ព្រោះការសិក្សានៅក្រៅប្រទេស ពិតជាបានជួយពួកគាត់ច្រើន ដូចពាក្យស្លោកលើកឡើងថា បានឮ១,០០០ដង មិនស្មើនឹងបានអនុវត្តន៍ម្តង។
លោកបន្តថា ចាប់តាំងពីនាំ Franchise ក្រុមហ៊ុន Century21 មកកម្ពុជារយៈពេល៤ឆ្នាំមកនេះ ក្រុមហ៊ុនបានរៀបចំផែនការ គន្លឹះ បច្ចេកទេស និងយុទ្ធសាស្រ្តជាច្រើន ដើម្បីសម្រេចបានជោគជ័យ។
លោកបន្តថា «ក្រុមហ៊ុននេះ រីកចម្រើនខ្លាំង ដែលធ្វើឲ្យខ្ញុំគិតមិនដល់ និងមិននឹងស្មានដល់»។ ពិសេស ថ្នាក់ដឹកនាំសំខាន់ គឺគាត់មានឱកាសចូលរួម សហការគ្នាចែករំលែកគ្នា នឹងទទួលបានជោគជ័យ ព្រោះនៅមានការងារច្រើនណាស់ ដែលយើងធ្វើមិនអស់ និងមានផលប្រយោជន៍ជាច្រើនទៀត ដែលយើងមិនទាន់ទាញយកអស់សក្តានុពល»។
លោក គុយ វ៉ាត បានបន្តទៀតថា បច្ចុប្បន្នសមាជិកក្រុមគ្រួសារ Century21 បានដឹងពីខ្យល់ ឬនិន្នាការទីផ្សារកំពុងបក់ទៅណា ហេតុនេះនៅពេលពួកគេសហការគ្នា ចែករំលែកគ្នា និងប្តេជ្ញាចិត្តរួមគ្នា នឹងធ្វើឲ្យពួកគេទទួលបានជោគជ័យ ៕