(ភ្នំពេញ)៖ ដោយការមានការអំពាវនាវស្វែងរកសម្បុរសជន ពីប្រធានមន្ទីរពេទ្យគន្ធបុប្ផា និងយល់ឃើញថា ការបរិច្ចាគឈាមជួយសង្គ្រោះអ្នករងរគ្រោះ និងត្រូវការឈាមជាចាំបាច់ ដើម្បីជីវិតឡើងវិញ នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ចំនួន១៥នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាម ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផាទី៤ នៅរាជធានីភ្នំពេញ។
ការចូលរួមចំណែកជួយដល់សង្គមមួយនេះ គឺក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យ ទន្តសាស្ត្រ រំចង់ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ។
លើសពីនេះ ដើម្បីជាការអបអរសាទរគំរប់ខួប២៣ឆ្នាំ របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ លោកទន្តបណ្ឌិត ទិត ហុងយឺ ជានាយកមន្ទីរពេទ្យ រួមទាំងក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៤លានរៀល ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីផ្តល់លទ្ធភាព ជូនដល់មន្ទីរពេទ្យឲ្យរក្សាបាននូវសេវាព្យាបាល ប្រកបដោយគុណភាព ជូនកុមារ និងស្រ្តីកម្ពុជា តទៅមុខទៀត។
ទន្ទឹមនឹងនោះ គណៈគ្រប់គ្រង និងបុគ្គលិករបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណៈជនទាំងអស់ ឲ្យចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺគ្រប់វ័យ ដែលត្រូវការឈាមជាចាំបាច់។
ក្នុងឱកាសខួបទី ២៣ឆ្នាំ របស់មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ បានថ្លែងអំណរគុណដល់អតិថិជន ដែលជានិច្ចជាកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើស រំចង់ ជាពេទ្យធ្មេញប្រចាំគ្រួសារជារៀងរហូត ៕