(ក្រុងរីយ៉ាដ-អារ៉ាប៊ីសាអូឌីត)៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនេះផងដែរ មុននឹងសន្និសីទអន្តរជាតិ ដែលត្រូវចាប់ផ្តើមនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានបន្តជួបសំណេះសំណាលជាមួយ លោក Sheikh Abdullatif bin Abdulaziz Al-Sheikh រដ្ឋមន្ត្រីកិច្ចការឥស្លាម នៅទីស្តីការក្រសួង ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជំនួបនេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើកិច្ចការឥស្លាម ជាពិសេសវិស័យអប់រំ និងមនុស្សធម៌ផងដែរ។
លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបអំពីសុខដុមបនីយកម្ម គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និយាយដោយឡែក សម្រាប់វិស័យឥស្លាម ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល គិតគូរប្រកបដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ។
លោកទេសរដ្ឋមន្ត្រី បានកោតសរសើរដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជានិច្ចកាលតែងតែ បានចូលរួមក្នុងវិស័យមនុស្សធម៌នៅកម្ពុជា ក៏ដូចជាការផ្តល់អាហាររូបករណ៍រៀងរាល់ឆ្នាំជាច្រើនកន្លែង ដល់និស្សិតខ្មែរឥស្លាម ដើម្បីបានបន្តការសិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយលោកក៏ស្នើឲ្យ បន្តកិច្ចសហការផ្តល់ជំនួយមនុស្សធម៌នេះ ឲ្យកាន់តែច្រើនថែមទៀតផងដែរ។
លោករដ្ឋមន្ត្រីកិច្ចការឥស្លាម Abdullatif Al-Sheikh បានកោតសរសើរពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយលោកតែងតែរំលឹកអពីកេរ្ដិ៍ឈ្មោះ បោះសម្លេងពីការដឹកនាំដ៏ល្អរបស់សម្តេច ដែលពិភពលោកមិនសរសើរមិនបាន ហើយក៏កាន់តែមិនអាចលាក់បាំងបានទៀតផង។
តាំងនាមក្រសួងកិច្ចការឥស្លាម លោកសន្យាថា នៅតែបន្តផ្តល់លទ្ធភាពដែលអាចធ្វើទៅបាន ហើយព្យាយាមឲ្យបានកាន់តែច្រើន ទាំងការឧបត្ថម្ភដល់ តំណាងអ្នកឃោសនិកអប់រំ និងមនុស្សធម៌ផ្សេងៗ ដើម្បីសហការចូលរួមលើកកម្ពស់ធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនេះដែរ លោកក៏បានរំលឹកអំពីការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាពនេះ ឲ្យនៅគង់វង្ស ព្រោះគ្មានកត្តាណាមួយ ដែលមានតម្លៃជាងកត្តាសន្តិភាពនោះទេ ប្រទេសដែលមានសុខសន្តិភាព គឺការអភិវឌ្ឍន៍លើគ្រប់វិស័យនឹងកើតមានជាបន្តបន្ទាប់។ លោករដ្ឋមន្រ្តី បានផ្តាំផ្ញើទៅកាន់ ក្រុមការងារឃោសនិករបស់ក្រសួង ដែលបំពេញការងារនៅកម្ពុជា ត្រូវធ្វើការសហការល្អ ជាមួយថ្នាក់ដឹកនាំឥស្លាមកម្ពុជា ក៏ដូចជាការសហការល្អ ជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលមានភារកិច្ចទទួលបន្ទុកកិច្ចការឥស្លាមក្នុងប្រទេស៕