(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានច្រានចោលចំពោះការចោទប្រកាន់ទាំងឡាយ ដែលថាកម្ពុជាទទួលយកអ្នកទោសវៀតណាម ដែលសុំប្តូរមកពីប្រទេសថៃ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១២ នៅរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ «អត់មានទេករណីនេះ នរណាគេនិយាយ? នរណាទៅធ្វើកើត? ឥឡូវអ្នកទោសខ្មែររកពន្ធនាគារដាក់មិនបានផង ទៅយកអ្នកទោសបរទេសមកដាក់នៅស្រុកខ្មែរយ៉ាងម៉េចនេះទី១ និងទី២ គឺរឿងនេះមិនត្រូវច្បាប់អន្តរជាតិ»។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ អំឡុងពេលស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានចុះសួរសុខទុក្ខទណ្ឌិត តាមមន្ទីរឃុំឃាំងនៅប្រទេសថៃនោះ គឺមានអ្នកទោសខ្លះ ជាជនជាតិវៀតណាមមួយចំនួន បានស្នើសុំផ្ទេរមកជាប់ពន្ធនាគារនៅកម្ពុជា ប៉ុន្តែករណីនេះ ស្ថានទូតខ្មែរ បានបដិសេធរួចទៅហើយ៕