(ភ្នំពេញ)៖ លោក គង់ គាំ អតីតសមាជិកជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៉ី ផងនោះ បានចាត់ទុកការព្យាយាមដាក់គំនាបរារាំង មិនឲ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិ (CNRP) ទទួលយកការលើកលែងបម្រាមធ្វើនយោបាយ ជាគំនិតអាត្មានិយម និងបំផ្លិចបំផ្លាញអ្នកដទៃ។
ការលើកឡើងរបស់លោក គង់ គាំ បន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានចេញបម្រាមថ្មីមួយមិនឲ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិ ទទួលយកការដកបម្រាមធ្វើសកម្មភាពនយោបាយពីព្រះមហាក្សត្រខ្មែរ ក្រោយពេលច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានកែប្រែ និងចូលជាធរមានឆាប់ៗខាងមុខនេះ។ ទណ្ឌិត សម រង្ស៉ី បានហៅអ្នកដែលបម្រុងស្នើសុំនាយករដ្ឋមន្ត្រី ដើម្បីទទួលបានការដកបម្រាម ធ្វើសកម្មភាពនយោបាយនេះថា ជាមនុស្សក្បត់គណបក្សសង្គ្រោះជាតិ។
លោក គង់ គាំ បានចាត់ទុកការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ បើកផ្លូវឲ្យអ្នកត្រូវបានហាមធ្វើសកម្មភាពនយោបាយ បានធ្វើសកម្មភាពឡើងវិញនេះ គឺជាដំណោះស្រាយនយោបាយ គឺលទ្ធផលនៃការចរចាដោះស្រាយគ្នាមួយ។
អ្នកនយោបាយចាស់វស្សាដែលមានអតីតភាពស្និទ្ធនឹងទណ្ឌិត សម រង្ស៉ី បានសរសេរបែបឌឺដងឲ្យទណ្ឌិត សម រង្ស៉ីថា ទណ្ឌិត សម រង្ស៊ី ធ្លាប់ទទួលការលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី ដូច្នេះលោកសង្ឃឹមថា អ្នកនយោបាយជើងមិនជាប់ដីរូបនេះ មិនបង្កាច់បង្ខូច និងបំផ្លិចបំផ្លាញអ្នកដទៃដែលជាអតីតសមាជិកគណបក្សសង្គ្រោះជាតិនោះឡើយ។
លោក គង់ គាំ ក៏បានប្រកាសគាំទ្រការសម្រេចចិត្តរបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិក្នុងការទទួលបានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ ដើម្បីទទួលឱកាសថ្មី ជម្រើសថ្មីក្នុងកសាងប៉ូលនយោបាយថ្មី។
សូមជំរាបថា ស្ថានភាពនយោយរបស់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដែលកាន់តែបែកបាក់ខ្លាំងឡើងៗដោយម្ខាងលោក សម រង្ស៊ី និងម្ខាងលោក កឹម សុខា ដោយប្រកាសប្រឆាំងគ្នាទៅវិញទៅមក ទាំងនៅលើបណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គម នាពេលថ្មីៗនេះ, ជុំវិញបញ្ហានេះលោក គង់ គាំ ដែលជាមនុស្សជំនិតរបស់លោក សម រង្ស៊ី បានផ្តល់កិច្ចសម្ភាសពិសេសមួយដោយបានថ្លែងអបអរ និងស្វាគមន៍ចំពោះការលើកលែងបម្រាមសិទ្ធិធ្វើនយោបាយ ដែលធ្វើឲ្យអ្នកនយោបាយកាន់តែមានលំហសម្តែងមតិ។
នៅក្នុងកិច្ចសម្ភាសលោក គង់ គាំ បានបញ្ជាក់ដែរថា ការដែលលោក សម រង្ស៊ី ហាមមិនឲ្យអតីតមន្រ្តីជាន់ខ្ពស់របស់អតីតសង្រ្គោះជាតិទទួលយកសិទ្ធិធ្វើនយោបាយនោះ គឺជាទង្វើរំលោភ និងមិនសមស្របទៅនឹងតួនាទីរបស់លោក សម រង្ស៊ី ទេ គាត់ដូចជាមានចេតនាអាត្មានិយម។ ជាងនោះទៀតលោក គង់ គាំ អះអាងនៅក្នុងកិច្ចសម្ភាសថា អ្វីដែលលោក សម រង្ស៊ី ធ្វើសន្និសិទដើម្បីបានក្លាយខ្លួនជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិគឺជាទង្វើខុសច្បាប់។
សូមស្តាប់សម្ភាសពិសេសជាមួយលោក គង់ គាំ៖