(សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី ភាពជាអ្នកដឹកនាំ «Coaching and Performance Evaluation» ដែលការរៀបចំសិក្ខាសាលានេះ ធ្វើឡើងដើម្បីបណ្ដុះបណ្ដាចំណេះជំនាញដល់មន្រ្ដីបុគ្គលិកនៃ ធនាគារជាតិ ទាំងអស់បានយល់ដឹង។
សិក្ខាសាលនេះ រៀបចំឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមការចូលរួមពី លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានការបណ្ដុះបណ្ដាលលើជំនាញនេះ ពីលោកសាស្ត្រាចារ្យ Jim Bagnola គ្រូឧទ្ទេសនាមប្រកបដោយបទពិសោធន៍ខ្ពស់ លើការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងចិត្តគំនិតជួយដឹកនាំ។
គោលបំណងនៃសិក្ខាសាលានេះ ធ្វើឡើងដោយផ្តោតលើភាពជាអ្នកដឹកនាំ របៀបនៃការបង្វឹកបុគ្គលិក (Coaching), ការវាយតម្លៃគុណផលលើទង្វើ និងរបៀបរបបនៃការបំពេញការងារ របស់មន្ត្រីបុគ្គលិក ដើម្បីទទួលបានលទ្ធផល ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សិក្ខាសាលានេះផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជា ប្រាស្រ័យទាក់ទង និងបង្កើនចំណងមិត្តភាព ឱ្យកាន់តែជិតស្និទ្ធ តាមរយៈការជជែកវែកញែក, ការពិភាក្សាជាក្រុម និងសកម្មភាពការងារផ្សេងៗទៀត។
លោក ជា ចាន់តូ បានឲ្យដឹងថា ការរីកចម្រើននៃវិស័យធនាគារ និងហិរញ្ញវត្ថុមានឥទ្ធិពលដោយផ្ទាល់ និងធានាដល់ការរីកចម្រើនរបស់សេដ្ឋកិច្ចនៃ ប្រទេសមួយប្រកបដោយចិរភាព។ ក្នុងនាមជាមន្ត្រីធនាគារកណ្តាល ចាំបាច់ត្រូវអភិវឌ្ឍខ្លួន តាមរយៈការបង្កើនចំណេះដឹង និងចំណេះធ្វើព្រោះការបណ្តុះបណ្តាលនេះ ហើយការសិក្ខាសាលានេះពិតជាមានសារៈសំខាន់ និងចំាបាច់ការធានានូវប្រសិទ្ធភាព ក្នុងការបំពេញការងារ។
សូមជម្រាបថា លោកសាស្ត្រាចារ្យ Jim Bagnola ដែលត្រូវបានអញ្ជើញចូលមកធ្វើការបណ្ដុះបណ្ដាល ដល់មន្រ្ដីនៃធនាគាជាតិនៃកម្ពុជា ក៏ធ្លាប់បានអញ្ជើញមកធ្វើបទឧទ្ទេសនាមជូនថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិ កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៨ ដោយផ្តោតជាសំខាន់លើសិល្បៈនៃការដឹកនាំដ៏រស់រវើក និងទន់ភ្លន់តាមរយៈការគ្រប់គ្រងសតិអារម្មណ៍ និងភាសាដែលត្រូវប្រើប្រាស់ ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងនាមជាអ្នកដឹកនាំ៕