(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែការប្ដេជ្ញាចិត្តខ្ពស់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្សឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនអនុញ្ញាតឲ្យជនល្មើស មានឱកាសពង្រីកសកម្មភាពឡើយ។
ការអះអាងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចក្រឡាហោម ស ខេង តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតី ក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១២ ឆ្នាំ២០១៨ ក្រោមប្រធានបទ «រួមសហការគ្នាបង្ការ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់អំពីជំហរជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាអាទិភាពមួយ ក្នុងចំណោមអាទិភាពជាច្រើន សម្រាប់ការលើកម្ពស់សន្ដិសុខ និងសុវត្ថិភាពសង្គម ក៏ដូចជាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្ដីថ្លែថ្លូររបស់មនុស្ស»។
ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រូបនេះ បានបន្ថែមទៀតថា អំពើជួញដូរមនុស្ស ជាបទឧក្រិដ្ឋ ដែលជាជនល្មើសជួញដូរមនុស្ស បានប្រើគ្រប់កលល្បិច ដើម្បីកេងប្រវ័ញ្ច រំលោភបំពាន លើមនុស្សផងគ្នា ដោយមិនខ្វាយខ្វល់ពីទុក្ខវេទនា និងអាយុជីវិតរបស់មនុស្សផងគ្នា ដែលចង់រស់រាន ជួបជុំគ្រួសារ និងសេចក្ដីសុខដែរនោះ។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្ដការប្ដេជ្ញាចិត្តខ្ពស់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ ឲ្យកាន់តែខ្លាំងក្លា ដោយមិនអនុញ្ញាឲ្យជនល្មើស មានឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋ ដោយមិនបានឆ្លើយតបនោះឡើយ»។
សម្ដេចក្រឡាហោម បន្ដទៀតថា ជនល្មើសមិនបានបោះបង់មហិចិ្ឆតារបស់ខ្លួនឡើយ ហើយខិតខំរិះរកគ្រប់ល្បិចកលតាមគ្រប់រូបភាព មានបណ្ដាញមេខ្យល់ប្រទាក់ក្រឡាគ្នា កាន់តែស្មុគ្រស្មាញ ឆ្លងដែនពីប្រទេសមួយ នៅប្រទេសមួយ និងមានប្រព័ន្ធទំនាក់ទំនងកាន់តែទំនើប ដើម្បីគេចវេសពីសមត្ថកិច្ច។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរិះរកគ្រប់វិធានការ និងពង្រឹងការអនុវត្ដច្បាប់ពាក់ព័ន្ធនានា ដើម្បីការពារប្រជាពលរដ្ឋពីបទល្មើសដ៏ស្មុគ្រស្មាញនេះ។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម បានលើកឡើងថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននិងកំពុងជំរុញអនុវត្ដយុទ្ធសាស្ដ្រទាំងបួន របស់ផែនការជាតិ ដែលមានជាអាទ៍ ការងារបង្ការទប់ស្កាត់ កិច្ចការពារជនរងគ្រោះ ការពង្រឹងការអនុវត្ដច្បាប់ និងការពង្រឹងកិច្ចសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេស ក៏ដូចជាជាមួយប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕