(ភ្នំពេញ)៖ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីប្រគល់ប័ណ្ណសរសើរ ជូននិស្សិតឆ្នើមប្រចាំឆ្នាំ និងប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៨-២០១៩។ ការប្រគល់សញ្ញាបត្រជូនដល់និស្សិតនេះធ្វើឡើង ដើម្បីជាការលើកទឹកចិត្តដល់និស្សិត ដែលខិតខំប្រឹងប្រែងរៀនសូត្រកន្លងមក។
ការប្រគល់ប័ណ្ណសសើរជូននិស្សិតឆ្នើមប្រចាំឆ្នាំ និងការបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ និងក្រោមការចូលរួមពីលោកបណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីគណៈគ្រប់គ្រង, បុគ្គលិក, សាស្ត្រាចារ្យ, និស្សិត និងតំណាងក្រុមហ៊ុនដៃគូ របស់សាកលវិទ្យាល័យផងដែរ ។
លោកបណ្ឌិត ជួន រតនៈ បានសង្ខេបពីសកម្មភាពបណ្តុះបណ្តាលនានា របស់សាកលវិទ្យាល័យក៏ដូចជាវឌ្ឍនភាពនៃ កិច្ចទំនាក់ទំនងសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ និងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយកថ្នាក់ដឹកនាំ និងក្រុមការងារវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងល្អសម្រាប់ ការអភិវឌ្ឍស្ថាប័នទាំង២ពិសេស ការកសាង និងអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យ ការកែលម្អកម្មវិធីសិក្សាជាបន្តបន្ទាប់ និងការលើកកម្ពស់ការយល់ដឹង ដល់និស្សិតអំពីវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុ និងវិស័យពាក់ព័ន្ធឱ្យកាន់តែមានភាពទូលំទូលាយ ក្នុងពេលបច្ចុប្បន្ន និងអនាគត។
លោកលើកឡើងថា ដើម្បីជាការលើកទឹកចិត្ត ដល់និស្សិតរៀនពូកែព្រមទាំងនិស្សិត ដែលបានជួយការងារសាកលវិទ្យាល័យ ថ្នាក់ដឹកនាំសាកលវិទ្យាល័យក៏បានរៀបចំជាប័ណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍មួយចំនួនដល់និស្សិតឆ្នើម ប្រធានថ្នាក់ និងអនុប្រធានថ្នាក់ផងដែរ។ បន្ថែមពីនេះសម្រាប់និស្សិតឆ្នើមដែលកំពុងសិក្សាក្នុងឆ្នាំទី៣ និងឆ្នាំទី៤លើមុខជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ និងជំនាញធនាគារ និងហិរញ្ញវត្ថុទាំង១២រូប នឹងទទួលបានការលើកទឹកចិត្ត យ៉ាងពិសេសពីក្រុមហ៊ុន KPMG Cambodia។
លោកបន្ដថា ការលើកទឹកចិត្តពិសេសពីក្រុមហ៊ុន KPMG Cambodia មានន័យថា ពួកគេមានឱកាសក្លាយជាបុគ្គលិក ក្រុមហ៊ុនសវនកម្មធំមួយនេះ ដោយមិនចាំបាចប់ឆ្លងកាត់ការប្រឡង ដោយគ្រាន់តែទទួលការសម្ភាសន៍ចុងក្រោយ ជាមួយផ្នែកធនធានមនុស្ស របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
លោក អិន អេម ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងតែងតែផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយក្រុមការងារ របស់វិទ្យាស្ថាននាពេលកន្លងមក។
លោក អិន អេម ក៏បានកោតសរសើរដល់និស្សិតឆ្នើមប្រចាំឆ្នាំសិក្សា២០១៧-២០១៨ ដែលខិតខំរៀនសូត្រ រហូតទទួលបានជ័យលាភីនាពេលនេះ។ លើសពីនេះលោកបានលើកទឹកចិត្ត ដល់ប្អូនៗនិស្សិត ដែលមិនបានទទួលជ័យលាភី ឱ្យខិតខំរៀនសូត្របន្ថែមទៀត ពិសេសចេះទទួលយកនូវបទពិសោធន៍ និងការចែករំលែកវិធីសាស្ត្រក្នុងការសិក្សាបានជោគជ័យ ពីមិត្តភ័ក្តិជោគជ័យ, សាស្ត្រចារ្យ និងពីបុគ្គលជោគជ័យផ្សេងទៀត៕