(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនោះ ចាប់ផ្តើមប្រើប្រាស់នូវទិន្នន័យ ដែលផលិតចេញដោយមជ្ឈមណ្ឌលគ្រប់គ្រង ទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (DMC) ក្នុងការផ្ទៀងផ្ទាត់តួលេខចំណូលទាំងសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ដែលប្រមូលបានពីក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងក្រុមហ៊ុន internet។
ជាក់ស្តែងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសរួមលេខ១៣៥ ប.ទ.ប្រក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពី «ការដាក់ឱ្យប្រើប្រាស់ទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យារបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា (DMC)» ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអស់លោក លោកស្រីតំណាងប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្ដល់សេវាអ៉ីនធឺណិត សរុបប្រមាណ១៥០នាក់។
លោករដ្ឋមន្ត្រី ត្រាំ អ៉ីតឹក បានលើកឡើងថា ប្រកាសរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះ បង្កើតឡើងតម្រូវឱ្យប្រតិបត្តិករទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការខាងវិស័យទូរគមនាគមន៍ និងអ៊ីនធឺណិតនៅកម្ពុជា មានកាតព្វកិច្ចត្រូវភ្ជាប់មកមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា (DMC) ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា «ទិន្នន័យដែលប្រមូលបានដោយ DMC នេះ គឺជាទិន្នន័យផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីគណនាចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំងកាតព្វកិច្ចហិរញ្ញវត្ថុនានា របស់ប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ កំពុងប្រកបអាជីវកម្មនៅកម្ពុជា ដែលបានកំណត់ក្នុងច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ»។
លោក តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា DMC ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៦ ហើយប្រតិបត្តិករដែលបម្រើក្នុងវិស័យទូរគមនាគមន៍ និង អ៊ីនធឺណេត សុទ្ធតែបានតភ្ជាប់ជាមួយ DMC ។ ដូច្នេះទិន្នន័យដែល DMC ប្រមូលបានមានតួនាទីយ៉ាងសំខាន់សម្រាប់ផ្ទៀងផ្ទាល់ តួលេខចំណូលដែលប្រមូលបាន។
លោករដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក ក៏បានបញ្ជាក់ផងដែរថា ការដាក់ឲ្យប្រើប្រាស់ទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យារបស់ DMC នេះមិនមានការកៀបសង្កត់ ឬបន្ថែមបន្ទុកចំណាយដល់ប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍នោះទេ។ ផ្ទុយទៅវិញ យន្តការនេះ ធានានូវការគ្រប់គ្រងប្រកបដោយតម្លាភាព គណនេយ្យភាព និងជំរុញការប្រកួតប្រជែង នៅក្នុងវិស័យទូរគមនាគមន៍៕