(ត្បូងឃ្មុំ)៖ ដើម្បីលើកកំពស់ជីវភាពប្រជាកសិករ តាមរយៈការផលិតដាំដុះដំណាំកសិកម្ម និងការចិញ្ចឹមសត្វនោះ សម្ភារកសិកម្ម នៃគម្រោងជំរុញផលិតកម្មស្បៀង ដែលជាគម្រោងមួយ ប្រើប្រាស់ថវិកាជាតិទាងស្រុង ត្រូវបានប្រគល់ជូនដល់កសិករអនុវត្តគម្រោង ៦៦គ្រួសារបន្ថែមទៀត តាមរយៈមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។
ពីធីទទួល និងទទួលសម្ភារ បរិក្ខា និងគ្រឿងយន្តកសិកម្មនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសាលាក្រុងសួង ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ មានអំណោយផលដល់ដំណាំស្ទើរគ្រប់ប្រភេទដែលគ្របដណ្តប់លើផ្ទៃដីដាំដុះប្រមាណ ១៧២ ១២០ហិកតា គឺស្ទើរ២/៣នៃផ្ទៃដីដាំដុះទាំងមូល រួមមានដំណាំ កៅស៊ូ ស្វាយចន្ទី ម្រេច ពោត សណ្តែក ដំឡូងមី ដែលជាដំណាំសក្តានុពលក្នុងខេត្ត រួមជាមួយដំណាំឈើហូបផ្លែប្រចាំតំបន់ដូចជា ទុរេន មង្ឃុត សាវម៉ាវ កំពុងមានចលនាដាំផុលផុសផងដែរ។ ក្រៅពីនេះ ស្រូវបានគ្របដណ្តប់លើផ្ទៃដីជាង ៨៨ ០០០ហិកតា និងបន្លែជាង ២ ៦០០ហិកតា។
លោកបន្តថា គម្រោងជំរុញផលិតកម្មស្បៀង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្កើតឡើងដោយប្រើហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាលផ្ទាល់ មានទឹកប្រាក់ស្មើ ២០,២៥លានដុល្លារ ក្នុងគោលបំណងបង្កើនផលិតកម្មស្រូវចំណី ពូជស្រូវ និងបន្លែ ដោយផ្សារភ្ជាប់ទៅនឹងទីផ្សារ ដើម្បីនិរន្តរភាពទីផ្សារ តម្លៃកសិផល លើកស្ទួយជីវភាពគ្រួសារកសិករ សម្រាប់រយៈពេល៣ឆ្នាំ ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩។
លោកឲ្យដឹងទៀតថា ក្នុងរយៈពេល២ឆ្នាំមកនេះ គម្រោងជំរុញផលិតកម្មស្បៀង ខេត្តត្បូងឃ្មុំ ជ្រើសរើសកសិករផលិតស្រូវចំណី(ពូជសែនក្រអូប) ១ ២៤៤គ្រួសារ លើផ្ទៃដី ៣១៩៧ ហ.ត ទទួលបានបរិមាណផល ១១១៨៩តោន ដែលមានទិន្នផលមធ្យម ៣,៥តោន/ហ.ត ជ្រើសរើសកសិករផលិតស្រូវពូជ(ពូជសែនក្រអូប) ១០៦គ្រួសារ លើផ្ទៃដី៧៤,៧៥ហិកតា ទទួលបានបរិមាណផល ១២៣តោន។
ប្រធានមន្ទីរកសិកម្ម បានគូសបញ្ជាក់ថា តាមការចុះសិក្សាប្រមូលព័ត៌មានពីកសិករនិងឈ្មួញកណ្តាល បង្ហាញថា ផលិតកម្មបន្លែ នៅឆ្នាំ២០១៧ មានការកើនឡើង ៤៣២តោន លើសពីឆ្នាំ២០១៦(ឆ្នាំ២០១៧ បរិមាណ ១ ៧២៥តោន ឆ្នាំ២០១៦ចំនួន១ ២៩៣តោន) ហើយនៅឆ្នាំ២០១៨នេះ គិតត្រឹមខែវិច្ឆិកា សម្រេចបាន ២១១២តោន ក៏មានការកើនឡើងលើសឆ្នាំ២០១៧ដែរ។ កសិករមានចិត្តសប្បាយរីករាយ ព្រោះទិន្នផលស្រូវខ្ពស់ជាង តម្លៃប្រសើរជាង និងមានដៃគូចាំប្រមូលទិញ។
លោក ឡុង ធាម បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលគម្រោងបានផ្ដល់សម្ភារ បរិក្ខារនិងគ្រឿងយន្តកសិកម្ម ដល់ក្រុមកសិករដាំបន្លែអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង ៦៦គ្រួសារបន្ថែមទៀត ដោយកាលពីឆ្នាំ២០១៧ កន្លងទៅ ផ្តល់ជូន១៣៣គ្រួសារ។
លោកអភិបាលរងខេត្ត បានសំណូមពរដល់ កសិករដែលទទួលបាននូវសម្ភារ បរិក្ខារកសិកម្មនាទាំង៦៦គ្រួសារនាពេលនេះ ត្រូវយកទៅពង្រីកការដាំដុះឱ្យបានច្រើនបន្ថែមទៀត និងត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះ ងាកមកទទួលយកនូវអ្វីជាបច្ចេក ទេសដាំដុះថ្មីៗដែលមន្រ្តីជំនាញបានណែនាំ។
លោកបញ្ជាក់ថា ក្រុមកសិករ ត្រូវរៀបចំជាក្រុមផលិត ឬសហគមន៍កសិកម្ម ហើយពិភាក្សារៀបចំផែនការដាំដុះឲ្យបានច្បាស់លាស់ តាមរយៈការសិក្សាពីតម្រូវការទីផ្សារសិន មុនធ្វើការដាំដុះ។ ការចិញ្ចឹមសត្វ ក៏យើងត្រូវគិត ព្រោះក្រៅពីផ្ដល់សាច់ វាអាចផ្ដល់លាមកសម្រាប់ធ្វើជាជីធម្មជាតិកាត់បន្ថយការប្រើប្រាស់ជីគីមី និងផ្ដល់កសិផលដែលមានសុវត្ថិភាពថែមទៀត។
លោក ឡុង ធាម ក៏បានស្នើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តជួយផ្ដល់ទាំងបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដល់កសិករឱ្យកាន់តែទូលំទូលាយ ដើម្បីកាត់បន្ថយបញ្ហាប្រឈមក្នុងផលិតកម្មកសិកម្ម។ ជាពិសេស ការបណ្ដុះបណ្ដាល និងណែនាំឱ្យកសិករឱ្យឈានដល់ការទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ (GAP)ឱ្យបាន មានស្លាកសម្គាល់ត្រឹមត្រូវ ដើម្បីបញ្ជាក់ពីគុណភាព សុវត្ថិភាពបន្លែដែលផលិតបាន ដែលបង្កលក្ខណៈងាយស្រួលដល់អ្នកទិញចំណាំ និងទទួលបាននូវតម្លៃសមរម្យបង្កើនជីវភាពគ្រួសារ។
សូមបញ្ជាក់ថា កសិករដែលមកទទួលសម្ភារកសិកម្មនៅពេលនេះ មានចំនួន៦៦គ្រួសារ មកពី៤ក្រុងស្រុក រួមមានក្រុងសួង ស្រុកពញាក្រែក ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ។ ចំណែកសម្ភារដែលត្រូវចែករួមមាន៖ ជី អ៊ុយរ៉េ ៥,៩៤តោន ជី ១៥ ១៥ ១៥ ចំនួន ៣,៩៦តោន បំពង់ទីបជ័រPVC ៦៦០ដើម PE AZUD Pro(មុខកាត់១៦មម កម្រាស់០,៦មម) ២២១ ១០០ម៉ែត្រ តម្រងចម្រោះ(Filter) ៦៦គ្រឿង វ៉ានជ័រ(មុខកាត់១៦មម) ៤ ៤២២គ្រឿង ជាមួយគ្នានោះក្នុងមួយគ្រួសារ នឹងទទួលបានប្រាក់ឧបត្ថម្ភធន ១ ៦០០ ០០០រៀល/គ្រួសារ (ដោយ ១ ០០០ ០០០រៀលសម្រាប់ចំណាយបន្ថែមលើផលិតកម្មបន្លែផ្ទាល់និង ៦០០ ០០០រៀល ត្រូវរក្សាជាប្រាក់សន្សំក្នុងក្រុមឬសហគមន៍កសិកម្ម ដើម្បីជាដើមទុនបន្តនិរន្តរភាព)៕