(កោះកុង)៖ ដូចការគ្រោងទុកផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ នៅស្រុកស្រែអំបិល ទៅកាន់ខេត្តកោះកុង ត្រូវបានជួសជុលចាប់ជាស្ថាពរហើយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរទៅចូលរួមពិធីបុណ្យសមុទ្រដែលធ្វើឡើងនៅចុងសប្តាហ៍នេះ។ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូជិះកង់ពិនិត្យគុណភាពនៃការជួសជុលថែទាំកំណាត់ផ្លូវនេះ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវនេះត្រូវបានជួសជុលចប់សព្វគ្រប់១០០%ហើយតាមការសន្យា ដែលអាចឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ និងដឹកទំនិញទៅកាន់ទីផ្សារកាន់តែឆាប់រហ័ស។ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចធ្វើដំណើរទៅទស្សនាពិធីបុណ្យសមុទ្រ ដែលគ្រោងនឹងប្រារព្ធឡើងនៅលើទឹកដីខេត្តកោះកុង ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះបានងាយស្រួលផងដែរ។
លោកទេសរដ្ឋមន្ត្រីបានឲ្យដឹងផងដែរថា ផ្លូវនេះនឹងត្រូវស្តារ និងលើកកម្រិតគុណភាពពី DBST ទៅជាផ្លូវបេតុងកៅស៊ូ(AC) ពី ១០ម៉ែត្រ ទៅ ១១ម៉ែត្រ ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ (EDCF) ដែលគ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនអំពីគម្រោងដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។ កម្មវិធីលើស្មាតហ្វូននេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋថតរូបភាពជង្ហុកសំបុកមាន់ផ្ញើមកកាន់ក្រុមការងារក្រសួង ដើម្បីចុះទៅជួសជុល បានទាន់ពេលវេលាបង្ការកុំឱ្យខូចរាលដាលកាន់តែធំ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន សូមកុំផ្ទុកទំនិញលើសទម្ងន់កម្រិតកំណត់ដែលបណ្តាលឱ្យឆាប់ខូចផ្លូវ និងខាតបង់ថវិកាជាតិ ដែលរាជរដ្ឋាភិបាលខិតខំរកបានដោយលំបាកយកមកកសាងផ្លូវ និងបានក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងជួយថែរក្សាផ្លូវរបស់យើងឱ្យប្រើប្រាស់ជាប់បានយូរ៕