(ព្រះវិហារ)៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ បានបើកវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃ នៅសាលាស្រុកឆែប ដល់សមាជិកក្រុមប្រឹក្សាស្រុក១១រូប និងសមាជិកក្រុមប្រឹក្សាឃុំចំនួន៥០រូប មកពីឃុំទាំង៨ នៃស្រុកឆែប អំពីមេរៀនចំនួនពីរ គឺ១៖ គោលការណ៍ជាសាកល នៃអភិបាលកិច្ចល្អ និង២៖ ការតម្រង់ទិសដល់ក្រុមប្រឹក្សាទើបកាន់តំណែងថ្មី។
លោក យុង ហួត សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះវិហារ មានថ្លែងថា ការបណ្តុះបណ្តាលលើមេរៀនទាំងពីរ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព របស់សមាជិកក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាឃុំអំពីគោលនយោបាយនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យរបស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លុះបញ្ចាំងអំពីការអនុវត្ត ជាក់ស្តែងនៅថ្នាក់ក្រោមជាតិ។
មេរៀនទាំងពីរខាងលើ ត្រូវបានរៀបចំឡើង ដោយជំនាញការជាតិ-អន្តរជាតិ ក្រោមការគាំទ្រពី EU-UNDP នៅកម្ពុជា។ ខ្លឹមសារមេរៀនរួមមាន៖ សង្គមល្អ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គមវិមជ្ឈការ និងវិមជ្ឈការ នៅកម្ពុជា តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ និងការធ្វើផែនការរបស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់។
ដោយឡែកនៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះវិហារ នឹងបើកវគ្គដូចគ្នានេះ ដល់សមាជិកក្រុមប្រឹក្សាស្រុករវៀង និងស្រុកជាំក្សាន្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ ចំនួន១៦០រូប នៅក្នុងស្រុកទាំងពីរ។
សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះវិហារ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សា ក្នុងគោលដៅផ្តល់សេវាមានប្រសិទ្ធភាពដល់សមាជិក។ បច្ចុប្បន្ន ក្រុមប្រឹក្សាក្រុង ស្រុក ចំនួន៨ និងក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ៥១ នៅទូទាំងខេត្តព្រះវិហារ គឺជាសមាជិករបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះវិហារ៕