(ភ្នំពេញ)៖ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ដ និងផ្សព្វផ្សាយវប្បធម៌បានឲ្យដឹងថា ចិនកំពុងតែស្វែងរកឱកាសអភិវឌ្ឍន៍វិស័ភាពយន្ដជាមួយនឹងផលិតករខ្មែរ ហើយការសហការរវាងគ្នានេះ នឹងជួយជំរុញវិស័យភាពយន្ដនៃ ប្រទេសទាំង២ ឲ្យកាន់តែប្រសើរឡើងទ្វេដង។
ការលើកឡើងបែបនេះរបស់លោក ប៉ុក បូរក្ស ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើវិស័យភាពយន្ដដែលរៀបចំឡើងក្រោម ការចូលរួមពីមន្ដ្រីក្រសួងវប្បធម៌កម្ពុជា-ចិន រួមទាំងផលិតករជាច្រើនរូប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
លោក ប៉ុក បូរក្ស បានឲ្យដឹងថា កិច្ចសហការរវាងកម្ពុជា-ចិន (ខេត្តយូណាន) ទៅលើវិស័យភាពយន្ដនេះមិនមែនលើទី១ទេ កន្លងមកនាយកដ្ឋានធ្លាប់បានធ្វើការជាមួយគ្នាអស់រយៈពេល២ឆ្នាំមកហើយ ដែលកន្លងមកភាគីទាំង២ បានចូលរួមទាំងនៅក្នុងប្រទេសចិន និងកម្ពុជា។
លោកបន្ដថា ការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នារវាងកម្ពុជា-ចិន លើវិស័យភាពយន្ដនេះ គឺបន្ទាប់ពីខាងភាគីទាំង២ ពិភាក្សាគ្នាកាលពីពេលកន្លងទៅ ជាក់ស្ដែងខាងភាគីចិនក៏បានបញ្ជូនផលិតករជាច្រើនរូប មកធ្វើទស្សនកិច្ចនៅកម្ពុជា និងបានរៀបចំនូវកិច្ចសហការនាថ្ងៃនេះ។
លោកថា «កិច្ចសហការនេះភាគីទាំង២ បានពិភាក្សាលើ៣ចំណុច រួមមាន ១៖ ភាគីទាំង២ពិភាក្សាគ្នាលើការបណ្ដុះបណ្ដាល លើផ្នែកធនធានមនុស្ស លើវិស័យភាពយន្ដ ដោយការបណ្ដុះបណ្ដាលនេះ ចែកចេញជាពីរផ្នែកទៅលើ អ្នកចេះស្រាប់ និងនិស្សិត ទី២៖ គឺការសិក្សាជាមួយផលិតករភាពយន្ដរបស់កម្ពុជា និងចិន ដើម្បីសហការគ្នាក្នុងការផលិតជាភាពយន្ដ រវាងកម្ពុជា-ចិន និងទី៣៖ ការសិក្សាស្វែងរកឱកាស ដើម្បីឲ្យខ្សែភាពយន្ដកម្ពុជា អាចចូលលក់ក្នុងប្រទេសចិន»។
លោកឲ្យដឹងថា Zhao ChunMin នាយកដ្ឋានភាពយន្ដនៃ ខេត្តយូណាន ប្រទេសចិនលើកឡើងថា ខ្សែភាពយន្ដក្នុងប្រទេសចិន គឺទទួលបានការគាំទ្រច្រើន ហើយទទួលបានប្រាក់ចំណូលដល់ជាង៥ពាន់លានយ័ន កាលពីឆ្នាំ២០១២ តែសម្រាប់ឆ្នាំ២០១៨នេះរំពឹងថា ទទួលបាននូវប្រាក់ចំណូលសរុបរហូតដល់៦ពាន់លានយ័នផងដែរ។
លោកបន្ដថា វិស័យភាពយន្ដរបស់ប្រទេសចិន បានចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ វិស័យភាពយន្ដលើទីផ្សារអន្ដរជាតិ៕