(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុង ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១២ ឆ្នាំ២០១៨ ក្រោមប្រធានបទ «រួមសហការគ្នាបង្ការ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស»។
ពិធីនេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូត ស្ថានតំណាងនានាដែលមាននិវេសនដ្ឋាននៅកម្ពុជា ភ្ញៀវជាតិ អន្ដរជាតិ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា និយោជក កម្មករ កម្មការិនី និងប្រជាពលរដ្ឋសរុបប្រមាណ៣,០០០នាក់។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា ទិវាជាតិនេះមានគោលបំណងផ្សព្វផ្សាយ និងបង្ហាញសារដល់សាធារណជន អង្គការជាតិ អន្ដរជាតិ វិស័យឯកជន មន្ដ្រីរាជការគ្រប់ក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាសាសនាទាំងឡាយទូទាំងប្រទេសកម្ពុជា ឲ្យមានការយល់ដឹង និងសហការចូលរួមក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសលើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។
សូមជម្រាបថា អំពើជួញដូរមនុស្ស ត្រូវបានប្រទេសលើពិភពលោកទទួលស្គាល់ថា ជាបទឧក្រិដ្ឋដែលមិនអាចអត់ឱនឲ្យបាន ហើយគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលមានចែងក្នុងច្បាប់ជាតិ និងច្បាប់អន្ដរជាតិ៕