(ព្រៃវែង)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានជំរុញឲ្យបងប្អូនប្រជាកសិករ ត្រូវពង្រីកសមាជិកភាពរបស់សហគមន៍អ្នកផលិតបន្លែឲ្យបានច្រើន ដោយក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទរីករាយស្វាគមន៍ ក្នុងការទំលាក់ឥណទាន និងជំនួយផ្នែកបច្ចេកទេស ជី ពូជ សម្រាប់ជាផ្នែកមួយនៃការគាំទ្រការផលិតបន្លែ របស់បងប្អូនសហគមន៍ និងជួយធ្វើការតភ្ជាប់រវាងអ្នកផលិតទៅទីផ្សារ។
ការជំរុញយ៉ាងដូច្នេះរបស់លោក កៅ ថាច យ៉ាងដូច្នេះក្នុងឱកាសលោករួមជាមួយអ្នកជំនាញបច្ចេកទេសកសិកម្មជនជាតិជប៉ុន លោក Dr Nabeshima Katsuhito ទីប្រឹក្សាអមធនាគារអភិវឌ្ឍន៍ជនបទ និងសហការី នៅថ្ងៃទី១២ ខែធ្នូនេះ បានចុះពិនិត្យសិក្សាលើការដាំដុះបន្លែសរីរាង្គសហគមន៍អ្នកដាំបន្លែ នៅឃុំគោកលិច ស្រុកកញ្ចៀច ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក កៅ ថាច បានលើកទឹកចិត្តដល់បងប្អូនដែលជាអ្នកផលិតបន្លែថា ត្រូវធ្វើការដាំដុះបន្លែសុវត្ថិភាពគ្មានជាតិគីមី និងបន្លែសរីរាង្គ ដែលពេលបច្ចុប្បន្នកំពុងមានតម្រូវការពីទីផ្សារផងដែរ។
លោកបានបន្តថា លោកមានជំនឿជាក់យ៉ាងមុតមាំថា តាមរយៈវត្តមានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងជួយកែប្រែទម្លាប់នៃការដាំដុះបន្លែរបស់បងប្អូន ក៏ដូចជាជួយកែប្រែជីវភាពរបស់បងប្អូនអ្នកផលិតបន្លែ នៅក្នុងតំបន់នេះឲ្យមានភាពប្រសើរឡើងផងដែរ៕